ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាពសំណង់ប្រព័ន្ធធារាសាស្ត្រ និងការងារការពារច្រាំងស្ទឹងសែន ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុដ ឆ្នាំមមី សប្តស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ស្ទាក់ទឹកកំពង់គោ ការងារស្តារស្ទឹងអូរវាយ និងការងារសំណង់ការពារច្រាំងបាក់ស្ទឹងសែន ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។

​នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការធ្វើទំនើបកម្មសំណង់ស្ទាក់ទឹកកំពង់គោ និងការស្តារស្ទឹងអូរវាយ គឺជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រភពទឹកធ្លាក់មកពីខេត្តព្រះវិហារ និងរក្សាស្ដុកទឹកទុកសម្រាប់បម្រើឱ្យពហុវិស័យ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយកាត់បន្ថយ និងបញ្ចៀសការជន់លិចទីរួមខេត្តកំពង់ធំ និងតំបន់ជុំវិញនៅក្នុងរដូវវស្សា។

​ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ការណែនាំដល់ក្រុមហ៊ុនម៉ៅការសំណង់ ត្រូវខិតខំអនុវត្តការងារឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពការដ្ឋាន និងផលប៉ះពាល់បរិស្ថាន ព្រមទាំងធានាគុណភាពសំណង់ឱ្យបានរឹងមាំ គង់វង្សយូរអង្វែង និងបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលាតាមផែនការដែលបានកំណត់៕