ស្ថានទូតកម្ពុជានៅតូក្យូ រៀបចំការប្រឡងនិយាយភាសាខ្មែរ លើកទី៩ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន


(តូក្យូ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំការប្រឡងនិយាយភាសាខ្មែរ លើកទី៩ ដោយជោគជ័យ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីតូក្យូ ដោយមានបេក្ខជនជប៉ុនចំនួន ១៩នាក់ចូលរួមប្រកួតប្រជែង ក្នុងចំណោមអ្នកចូលរួមសរុបប្រមាណ ៥០នាក់។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ការសិក្សាភាសាខ្មែរ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានគូសបញ្ជាក់ថា ភាសាគឺជាស្ពានតភ្ជាប់ដ៏សំខាន់ក្នុងការបង្កើនការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក។ លោកបានសង្កត់ធ្ងន់ថា៖ «ភាសាគឺជាស្ពានតភ្ជាប់ដ៏សំខាន់រវាងប្រជាជននៃប្រទេសទាំងពីរ ព្រោះការរៀនភាសារបស់គ្នាទៅវិញទៅមក ជួយបង្កើនការយល់ដឹងគ្នា ការគោរពគ្នា និងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ»។

ឯកឧត្តមអគ្គរាជទូតបានបន្ថែមថា ការចេះភាសា និងការយល់ដឹងពីវប្បធម៌ នឹងបើកឱកាសថ្មីៗជាច្រើនក្នុងវិស័យអប់រំ ការងារ ទេសចរណ៍ និងពាណិជ្ជកម្ម ស្របតាមកម្រិតទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលប្រទេសទាំងពីរបានដំឡើងកាលពីឆ្នាំ២០២៣។

ជាលទ្ធផលនៃការប្រកួត បេក្ខជនជ័យលាភីចំនួន ៣រូប ទទួលបានរង្វាន់ជាសំបុត្រយន្តហោះទៅមកកម្ពុជា-ជប៉ុន និងដំណើរទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញរយៈពេល ៤ថ្ងៃ ៣យប់ ដើម្បីស្វែងយល់បន្ថែមពីវប្បធម៌ និងអនុវត្តជំនាញភាសាខ្មែរជាក់ស្តែង។

ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអបអរសាទរ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យបន្តសិក្សា និងប្រើប្រាស់ភាសាខ្មែរជាប្រចាំ ដើម្បីធ្វើជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ ទោះបីជាទទួលបានជ័យលាភី ឬមិនបានក៏ដោយ។

គួររំលឹកផងដែរថា កម្មវិធីប្រឡងនិយាយភាសាខ្មែរនៅប្រទេសជប៉ុន ត្រូវបានស្ថានទូតកម្ពុជាផ្តួចផ្តើមរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ មក។ សម្រាប់ព្រឹត្តិការណ៍លើកទី៩ នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន SBI Remit, Taica និង Air Cambodia ព្រមទាំងមានការចូលរួមវាយតម្លៃ ដោយគណៈកម្មការជំនាញមកពីស្ថានទូតកម្ពុជា ក្រសួងការបរទេសជប៉ុន និងមជ្ឈមណ្ឌលសិក្សាការងារផងដែរ។

ស្ថានទូតបានបញ្ជាក់ការប្តេជ្ញាចិត្តថា នឹងបន្តគាំទ្រសកម្មភាពវប្បធម៌បែបនេះជាបន្តបន្ទាប់ទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ៕