(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំព្រឹត្តិការណ៍សប្បាយរីករាយ និងពិធីបុណ្យធំៗរហូតដល់ទៅ ៧កម្មវិធី ក្នុងឱកាសពិធីបុណ្យចេញវស្សា និងប្រណាំងទូក ដើម្បីបម្រើអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ថ្លែងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំនេះ ខេត្តបានរៀបចំកម្មវិធីកម្សាន្តចំនួន ៧រួមមាន៖ ពិធីអុំទូក, បណ្ដែតប្រទីប និងអុជកំជ្រួច, ការតាំងពិព័រណ៌, ការសម្តែងល្ខោនបាសាក់, ការប្រគំតន្ត្រី និងការប្រកួតប្រដាល់គុនខ្មែរ។
អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះទៀតថា ការរៀបចំកម្មវិធីទាំងនេះឡើង គឺមានគោលបំណងសំខាន់ៗចំនួន ៤គឺ៖
*ទី១៖ ថែរក្សាមរតកវប្បធម៌៖ ចូលរួមថែរក្សា និងបន្តវេនបេតិកភណ្ឌវប្បធម៌ដូនតា ដូចជាពិធីអុំទូក និងបណ្ដែតប្រទីប ឱ្យបានគង់វង្ស
*ទី២៖ លើកកម្ពស់ព្រះពុទ្ធសាសនា៖ ចូលរួមអបអរសាទរពិធីបុណ្យចេញវស្សា ដែលជាសាសនារបស់រដ្ឋ
*ទី៣៖ ជំរុញសេដ្ឋកិច្ច និងទេសចរណ៍៖ បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋមកកម្សាន្តប្រមាណ ១០ម៉ឺននាក់ ដែលបានបង្កើតលំហូរចំណូលចំណាយ និងចរន្តសេដ្ឋកិច្ចយ៉ាងល្អប្រសើរក្នុងខេត្ត។
*ទី៤៖ បង្ហាញពីសុខសន្តិភាព៖ បង្ហាញទៅកាន់ឆាកជាតិ និងអន្តរជាតិថា កម្ពុជា ជាពិសេសខេត្តកំពង់ចាម មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់ល្អប្រសើរ ដែលជាកត្តាបង្កើនទំនុកចិត្តដល់អ្នកវិនិយោគិន និងភ្ញៀវទេសចរ។
ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខ និងសុវត្ថិភាព លោក ស្រី សុភ័ក្ត្រ បានថ្លែងថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, អាជ្ញាធរបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការជំនាញរហូតដល់ ១៨ក្រុម ដើម្បីទទួលខុសត្រូវលើការងារសន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថាន។ ជាលទ្ធផល ក្នុងរយៈពេល ៤ថ្ងៃកន្លងមកនេះ ព្រឹត្តិការណ៍ទាំងមូលបានប្រព្រឹត្តទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។
ក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា, លោក ស្រី សុភ័ក្រ្ត បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមទស្សនាកម្សាន្តដោយទំនុកចិត្ត ព្រមទាំងចូលរួមថែរក្សាអនាម័យ បរិស្ថាន (បោះសំរាមក្នុងធុងសំរាម) គោរពច្បាប់ចរាចរណ៍ និងអនុវត្តតាមការណែនាំរបស់គណៈកម្មការរៀបចំពិធី ដើម្បីឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពរលូន និងសប្បាយរីករាយ៕

























































































