ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ


(ភ្នំពេញ)៖ ត្បិតណាស់ថា ជនមានពិការភាពភ្នែក មិនបានឃើញនូវពន្លឺ និងភាពស្រស់ស្អាតនៅលើពិភពលោកដោយផ្ទាល់ភ្នែក តែជនមានពិការភាពនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក ឬ (សមាគមតន្ដ្រីសំនៀងជនពិការ) ​មិនស្ថិតនៅក្នុងភាពងងឹតឈឹង ដោយមិនទទួលបានការបំភ្លឺផ្លូវចិត្ដ និងការជួយសម្រាលការលំបាកនោះឡើយ ក្រោមវត្ដមាន​របស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលបានផ្ដល់ភាពកក់ក្ដៅ និងជាម្ដាយដែលតែងតែដឹកដៃកូនៗបំភ្លឺទាំងផ្លូវកាយ និងផ្លូវចិត្ដ ព្រមទាំងការជួយសង្គ្រោះគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

ជាក់ស្ដែងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ អ្នកម្ដាយមនុស្សធម៌ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកអំណោយជាលើកទី២១ មានជាស្បៀងឧបភោគ-បរិភោគ សម្ភារចាំចាច់ រួមទាំងថវិកា ពិសេសបានអញ្ជើញនិមន្ដសម្ដេចព្រះសង្ឃ និងព្រះសង្ឃ អញ្ជើញសូត្រមន្ដ ចម្រើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដោយផ្ទាល់ពី សម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ​ សុភាព ជូនជនមានពិការភាពភ្នែកនៃសមាគម ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោមការបន្ដយកចិត្ដទុកដាក់ និងការខ្វល់ខ្វាយពីសុខទុក្ខមិនដែលរំលងពីអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន បងប្អូនជនមានពិការភាពភ្នែក ហាក់បានឃើញនូវពិភពលោកដ៏ស្រស់ស្អាត និងកក់ក្ដៅ ដែលពោរពេញទៅដោយសេចក្ដីអាណិត ស្រលាញ់ មេត្ដា ករុណា និងប្រោសប្រណីជានិច្ច ដែលបង្ហាញឱ្យយើងឃើញតាមរយៈស្នាមញញឹមដោយពេញចិត្ដ និងមិនឯការបស់ពួកគាត់។

ក្នុងឱកាសនោះលោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ តំណាងឱ្យបងប្អូនជនមានពិការភាព បានលើកដៃប្រណមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចពុក សម្ដេចតេជោ ហ៊ុន សែន និងការចងចាំមិនភ្លេចពេញមួយជីវិតរបស់កូនចៅជនមានពិការភាពទាំងអស់ ចំពោះទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា កន្លងមកនេះទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនដែលទុក្ខកូនចៅចោលឱ្យកំព្រា រងារឯកានោះទេ តែងជួយសង្គ្រោះតាមរយៈការផ្ដល់ជាជម្រករស់នៅដ៏ស្រស់ស្អាត ជាផ្ទះ ជាដី ធំទូលាយ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនជនពិការភ្នែក រួមទាំងថវិកា និងស្បៀងអាហារជាប្រចាំផងដែរ។

លោកបានថ្លែងបន្ដថា «ការផ្ដល់ជូនដោយបេះដូងដ៏មហាសប្បុរសនេះ គឺបានធ្វើឱ្យបងប្អូនជនមានពិការភាពភ្នែកយើងទាំងអស់ បាននឹកស្រមៃក្នុងចិត្ដថា និងលេចផុសចេញនូវរូបភាពនៃសម្រស់ដ៏ស្រស់ស្អាតរបស់លោកឪពុក និងអ្នកម្ដាយមនុស្សធម៌ ក្នុងបេះដូងរបស់កូននិងចៅៗមានពិការភាពភ្នែក»។

លោក ចាប តូ បានថ្លែងបន្ដថា «ឆ្នាំនេះអ្នកម្ដាយមនុស្សធម៌ មិនត្រឹមតែផ្គត់ផ្គង់នូវស្បៀងអាហារ និងថវិកា ដែលជាការសង្គ្រោះផ្លូវកាយរស់រានដោយសុខភាពល្អប៉ុណ្ណោះទេ តែអ្នកម្ដាយបានគិតគូរដល់កូនចៅបន្ថែមទៀត ដែលបានអញ្ជើញនិមន្ដសម្ដេចព្រះសង្ឃ និងព្រះសង្ឃ សម្ដែងធម៌ទេសនា និងប្រោសព្រំជូនកូនចៅប្រុសស្រីដែលមានពិការភាព ។នេះជាការជួយសង្គ្រោះផ្លូវចិត្ដមួយផ្នែកទៀត ដល់កូនចៅពិការភាព ។លោកសង្ឃឹមថា ការរៀបចំបែបនេះ នឹងមានជាបន្ដបន្ទាប់សម្រាប់បងប្អូនជនមានពិការភាពភ្នែក បានស្ដាប់ព្រះធម៌បំភ្លឺផ្លូវចិត្ដ»។

ទន្ទឹមនឹងនោះលោកជំទាវ ពុំ ចន្ទីនី បានលើកឡើងថា ទឹកចិត្ដរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល ទោះលោកមិនបានអញ្ជើញមកសួរសុខទុក្ខដល់កូនចៅប្រុសស្រីដោយផ្ទាល់ក៏ដោយ តែទឹកចិត្ដនឹករលឹក និងមនោសញ្ចេតនា សេចក្ដីអាណិត ស្រលាញ់ មេត្ដាករុណារបស់លោក គឺមានជាប់ជានិច្ចជាមួយកូនក្មួយនិងចៅៗទាំងអស់ ពិសេសគឺបងប្អូនជនពិការភាពនៅទីនេះ។

«ជាមួយការផ្ដាំផ្ញើនូវការសួរសុខទុក្ខដល់កូន និងចៅៗ អ្នកម្ដាយមនុស្សមនុស្សធម៌ ក៏បានលើកទឹកចិត្ដឱ្យដល់បងប្អូនយើងនៅទីនេះ ត្រូវបន្ដសាមគ្គីគ្នា ស្រលាញ់គ្នា ជួយគ្នាទៅវិញទៅមក ពិសេសសូមបន្ដខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងជាបន្ដបន្ទាប់ ដើម្បីឱ្យជីវិតរស់នៅយើងកាន់តែប្រសើរ និងស្របនឹងពាក្យថា «ពិការកាយ តែមិនពិការចិត្ត»។ ជាចុងក្រោយលោកជំទាវ ពុំ ចន្ទីនី ក៏បានអំពាវនាវឱ្យថែរក្សាសុខភាព សូមពិសាអាហារដែលតិចអំបិល តិចស្ក​ និងតិចខ្លាញ់ ដើម្បីចៀសវាងជំងឺមិនឆ្លង ដែលអាចសម្លាប់អាយុជីវិតទាំងនៅវ័យក្មេង។

ជាមួយគ្នាក្នុងឱកាសដែលសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពភ្នែក, សម្ដេចព្រះឧត្ដមវង្សា មានព្រះសង្ឃដិកា កោតសរសើរចំពោះសកម្មភាពកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានដឹកនាំការងារមនុស្សធម៌ដ៏សកម្មថ្លៃថ្លា ក្នុងការជួយសង្គ្រោះដល់ប្រជាជនដែលងាយរងគ្រោះគ្រប់រូបភាព និងគ្រប់ទីកន្លែង។

សម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព បានមានព្រះសង្ឃដិកាទៀតថា «សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទឹកចិត្ដដ៏ល្អ មានសេចក្ដីស្រលាញ់ អាណិត មេត្ដា ករុណា ដល់ប្រជាជនយើងងាយរងគ្រោះ ដែលត្រូវបានចាត់ទុកថា ជាអ្នកមានបារមី, ជាមនុស្សត្រជាក់ត្រជុំ ម្លប់ដូចដើមឈើដែលមានម្លប់ និងជាមនុស្សអណ្ដូងទឹក, ដែលព្រះពុទ្ធត្រាស់ដឹងបាន ក៏ដោយសារទឹកចិត្ដល្អនេះឯង ។ឃើញអ្នកដទៃមានទុក្ខលំបាក មិនរត់យកតែរួចខ្លួនទេ គឺចង់ឱ្យអ្នកដទៃបានធូរស្បើយពីសេចក្ដីទុក្ខ»។

នាឱកាសនោះសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព ក៏បានបន្ដទេសនាអប់រំផ្លូវកាយ ផ្លូវចិត្ដជាច្រើន ដែលទុននៃសេចក្ដីរស់រានប្រកបដោយសេចក្ដីល្អ និងស្រស់ថ្លាផងដែរ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា បានរៀបចំឱ្យមានពិធីសូត្រមន្ដ ចម្រើនព្រះបរិត្ដ និងធម៌ទេសនា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក ឬ (សមាគមតន្ដ្រីសំនៀងជនពិការ) នេះជាលើកទី១ហើយ ប៉ុន្ដែសម្រាប់ការផ្ដល់អំណោយ ជួយសង្គ្រោះ និងសម្រាលការលំបាកដល់ជនមានពិការភាពនៃសមាគម គឺមានតាំងពីចាប់ផ្ដើមទទួលដំណឹងនៃការបង្កើត ដែលគិតមកដល់ពេលនេះ ជាការផ្ដល់អំណោយជាលើកទី២១ហើយ ។សម្រាប់ឱកាសនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ជូនថវិកា១០លានរៀល ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក ចំពោះជនមានពិការភាព១៥០នាក់ ទទួលបាននូវអង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស និងថវិកា ៥ម៉ឺនរៀល៕