កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ ស្ដីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន បានបញ្ចប់ដោយជោគជ័យ


នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូកម្ពុជាចូលរួមពិធីបិទកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី កម្ពុជា-វៀតណាម-ឡាវ លើកទី១៩ និងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំទ្វេភាគី កម្ពុជា-វៀតណាម លើកទី១៩ និង កម្ពុជា-ឡាវ លើកទី១៨។

កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី ត្រីភាគី ទ្វេភាគី កម្ពុជា ឡាវ វៀតណាម លើកទី១៩ ស្ដីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន។ ពិធីបើកកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាល ភាតរភាព និងការយោគ យល់គ្នាទៅវិញទៅមក ដោយមានការចូលរួមពីប្រតិភូនៃប្រទេសទាំងបី ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងពង្រឹង កិច្ចសហប្រតិបត្តិការ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀង វ៉ាន់ឡុង (Nguyen Van Long) ប្រធានប្រតិភូវៀតណាម រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់សាវ៉ាត់ ប៊ុនលៀង (Kongsavath Bounlieng) ប្រធានប្រតិភូឡាវ បានអញ្ជើញថ្លែងសុន្ទរកថា ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងបរិបទនេះ កិច្ចប្រជុំរបស់យើងនាឱកាសនេះ មានសារៈសំខាន់ក្នុងការពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តកន្លងមក ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ព្រមទាំងពិភាក្សាអំពីទិសដៅ និងវិធានការចាំបាច់ ដើម្បីបន្តពង្រឹងកិច្ចសហការឱ្យកាន់តែមានភាពសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព។

ឯកឧត្តម ព្រុំ សុខា បានថ្លែងថា កិច្ចប្រជុំបានពិនិត្យមើលស្ថានភាពគ្រឿងញៀន បញ្ហាប្រឈមដែលសមត្ថកិច្ចកំពុងប្រឈម និងបទពិសោធន៍នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសទាំងបី និងបានបង្ហាញពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនង និងការសម្របសម្រួលរវាងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា វៀតណាម និងឡាវ ដើម្បីឆ្លើយតបចំពោះការវិវត្តនៃបទល្មើសគ្រឿងញៀនឆ្លងដែន។

សូមជម្រាបជូនថា កិច្ចប្រជុំនេះ ទទួលបានជោគជ័យ គឺជាការបញ្ជាក់ពីស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង កម្ពុជា-វៀតណាម-ឡាវ។ ភាគីទាំងបី បានបន្តប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់ទំនាក់ទំនងជាប្រពៃណី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍រួម និងភាពរីក ចម្រើនរុងរឿងរបស់ប្រជាជន និងប្រទេសទាំងបី៕