អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលខេត្តកណ្តាល រួមគ្នាជំរុញការដោះស្រាយនីតិវិធីពន្ធ ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស


ដើម្បីពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ឱ្យបានឆាប់រហ័ស និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនីតិវិធីបង់ពន្ធដែលនៅសេសសល់ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងពិភាក្សាអំពីការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

កម្មវិធីនេះ ស្ថិតក្រោមអធិបតី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ខេត្តកណ្តាលបានបញ្ចប់ជាស្ថាពរនូវការងារវាស់វែង និងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទូទាំងខេត្ត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បច្ចុប្បន្ន ការងារចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅសល់ប្រមាណ ១៦ម៉ឺនប័ណ្ណទៀត ដែលមិនទាន់អាចចេញជូនប្រជាពលរដ្ឋបាន ដោយសារជាប់ពាក់ព័ន្ធនឹងនីតិវិធីនៃការបង់ពន្ធ ដែលបណ្តាលឱ្យមានភាពយឺតយ៉ាវក្នុងការចេញប័ណ្ណ ដូច្នេះកិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ខ្លាំង ក្នុងការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញនានា ជាពិសេសនីតិវិធីពន្ធដារ ដោយត្រូវការស្នើសុំការណែនាំ និងការសម្រេចពីឯកឧត្តម គង់ វិបុល ផ្ទាល់ ដើម្បីឱ្យការងារនេះអាចដំណើរការទៅមុខបានកាន់តែរលូន និងមានប្រសិទ្ធភាព។

ឯកឧត្តម ក៏បានស្នើឱ្យអង្គប្រជុំទាំងមូល ពិសេសមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន លើកឡើងនូវបញ្ហាប្រឈម សំណូមពរ និងសំណើដំណោះស្រាយនានាឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាដោះស្រាយរាល់ឧបសគ្គដែលកំពុងកើតមាន សំដៅធានាឱ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួនបានឆាប់រហ័ស និងទាន់ពេលវេលា។

៊រដ្ឋបាលក្រុង ស្រុកទាំង១៣ ឱ្យបង្កើតគ្រុបតេឡេក្រាម សម្រាប់ទទួលព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងបញ្ហាផ្សេងៗក្នុងមូលដ្ឋាន។ ការបង្កើតប្រព័ន្ធទំនាក់ទំនងនេះ នឹងជួយឱ្យអាជ្ញាធរមូលដ្ឋានអាចប្រមូលព័ត៌មាន កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយបានចំគោលដៅ ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាការឆ្លើយតប ឯកឧត្តម គង់ វិបុល បានធ្វើការពន្យល់ និងណែនាំលម្អិតអំពីនីតិវិធីនៃការបង់ពន្ធពាក់ព័ន្ធនឹងការចុះបញ្ជី និងការផ្ទេរកម្មសិទ្ធិអចលនវត្ថុ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ក្នុងការជួយសម្រួលដល់ការងាររបស់ រដ្ឋបាលខេត្តកណ្តាល ដោយមានគោលដៅជំរុញឱ្យខេត្តកណ្តាលក្លាយជាខេត្តគំរូក្នុងការអនុវត្តនីតិវិធីបង់ពន្ធ និងចេញប័ណ្ណកម្មសិទ្ធិបានលឿន និងមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ពីការត្រៀមដាក់មន្ត្រីជំនាញបន្ថែម ដើម្បីសហការជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីជំរុញដំណើរការចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានឆាប់រហ័ស ដោយផ្តោតលើការពន្លឿនការងារដែលនៅសេសសល់ទាំង ១៦ម៉ឺនប័ណ្ណ។ ទន្ទឹមនឹងនេះ ក៏នឹងមានការសម្របសម្រួលការស្កេនឯកសារ និងការចែករំលែកឯកសារតាមប្រព័ន្ធឌីជីថល (File Sharing) រវាងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី និងសាខាពន្ធដារខេត្ត ដើម្បីកាត់បន្ថយការចំណាយពេលវេលាក្នុងការបញ្ជូន និងផ្ទៀងផ្ទាត់ឯកសាររវាងស្ថាប័នទាំងពីរ។

បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញការគាំទ្រថា នឹងរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមជូនមន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងអំពីនីតិវិធីបង់ពន្ធ ការរៀបចំឯកសារ និងការផ្លាស់ប្តូរព័ត៌មានរវាងអង្គភាពជំនាញទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល ត្រឹមត្រូវ និងឆាប់រហ័ស ៕