(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការកត់សម្គាល់របស់សម្ដេចទៅលើការសិក្សារៀនសូត្រប្រវត្តិសាស្ត្រខ្មែរ ដែលជនបរទេសជាអ្នកតាក់តែង ដូច្នេះសម្ដេចលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួនជាជាងរំពឹងលើឯកសាររបស់គេទាំងស្រុង។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាឱកាសនោះ សម្ដេចបវរធិបតី បានមានប្រសាសន៍ពីគុណតម្លៃឥតគណនានៃឯកសារប្រវត្តិសាស្ត្រដែលកម្ពុជាបានរក្សាទុក រាប់សតវត្សរ៍កន្លងមក។ សម្ដេច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ថែរក្សានូវកម្រងឯកសារកម្ររបស់កម្ពុជាបានយ៉ាងខ្ជាប់ខ្ជួនរបស់បណ្ណសារដ្ឋានជាតិកម្ពុជា ទោះបីជាឯកសារខ្លះស្ទើរតែពុយផុយអស់ទៅហើយក៏ដោយ។
បន្ថែមពីនេះ ជាការកត់សម្គាល់របស់សម្ដេច អ្វីដែលកូនខ្មែរកំពុងសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួន ភាគច្រើនជាឯកសារដែលជនបរទេសបានចងក្រង ដូច្នេះសម្ដេចលើកទឹកចិត្តឱ្យកូនខ្មែរខិតខំស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រខ្លួនដោយខ្លួនឯង ជាជាងពឹងតែលើឯកសារដែលជនបរទេសសរសេរ អាចនឹងមានចន្លោះប្រហោងណាមួយមិនត្រឹមត្រូវ។
សម្ដេចនាយករដ្ឋមន្ត្រី មានថ្លែងថា៖ «ព្រោះឥឡូវប្រវត្តិសាស្ត្រកន្លែងខ្លះខុស ដូចជាប្រទេសពីរសរសេរខុសគ្នាទាំងពីរ ប្រទេសមួយសរសេរថាប្រទេសខ្លួនជាម្ចាស់ ដល់ប្រទេសមួយទៀតសរសេរថាខ្លួនជាម្ចាស់។ ឧទាហរណ៍និស្សិតសរសេរនិក្ខេបបទយកតឹកតាងពីឯកសាររបស់ជនបរទេសមួយ ដែលសរសេរពឹងផ្អែកលើខ្លឹមសារសៀវភៅរបស់ប្រទេសមួយ ដោយមិនបានស្រាវជ្រាវបន្ថែមពីប្រទេសមួយទៀត នាំឱ្យក្អែកមួយក្អែកដប់ នេះគឺជាគ្រោះថ្នាក់»។
សម្ដេចមហាបវរធិបតី សង្កត់ធ្ងន់ថា ឯកសារប្រវត្តិសាស្ត្រគឺជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាអត្តសញ្ញាណរបស់យើងឱ្យបានច្បាស់លាស់ ដូច្នេះយើងត្រូវតែខិតខំចងក្រងឯកសារប្រវត្តិសាស្ត្ររបស់យើងដោយយើងខ្លួនឯង។
ជាមួយគ្នានេះ សម្ដេច នៅតែបន្តលើកទឹកចិត្តយុវជន សិស្ស និស្សិត ព្យាយាមអានសៀភៅឱ្យបានច្រើន ស្វែងរកប្រភពឯកសារឬព័ត៌មានដែលអាចទុកចិត្ត កុំរំពឹងតែនៅលើឌីជីថលហួសហេតុពេក៕





































































