នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត ស្ថិតនៅបរិវេណសាលាក្រុងស្វាយរៀង។
វេទិការនេះក៏មានការអញ្ជើញចូលរួមពី៖
ឯកឧត្តម លោកជំទាវសមាជិក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង នាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំង៣ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង លោក លោកស្រី ប្រធានការិយាល័យ អង្គភាពទាំង១៣ចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នាយក នាយិកាសាលា ធនាគារ អង្គការ សមាគម អាជីវករ មេភូមិទាំង៤៣ភូមិ និងប្រជាពលរដ្ឋសរុបប្រមាណជាង៤០០នាក់។
សូមជម្រាបជូនថា គោលបំណងនៃវេទិការផ្សព្វផ្សាយ នឹងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២៦នេះ បានបង្ហាញពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្នុងនោះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសមិទ្ធផលដែលក្រុមប្រឹក្សាខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា។
– បានផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីអាទិភាពនៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំ ខាងមុខ។
– បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមក្នុងការពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍ និង អាទិភាព នៃការងារអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាខេត្ត។
-បានទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើការពិភាក្សា និងឆ្លើយតបលើបញ្ហាដែលបានលើកឡើងទាំងនោះ៕
















































