ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងនៅខេត្តពោធិ៍សាត់


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀង ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់។

​វត្តមានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាពេលនេះ មិនត្រឹមតែជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់​រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋក្នុងខេត្ត​​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពដ៏ប្រសើរនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខជីវភាពរស់នៅនិងការស្តារឡើងវិញ នូវការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយ​សារគ្រោះមហន្ត​រាយធម្មជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមមុខ នឹងការលំបាកដោយគ្មានការយកចិត្តទុកដាក់ និងការជួយគាំទ្រនោះឡើយ។

ជាក់ស្តែង ក្នុងពិធីដ៏មានអត្ថន័យនាថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋទទួលផលសរុបចំនួន ១១ ០០០ គ្រួសារ ក្នុងនោះ៖ ប្រជាពលរដ្ឋទទួលស្រូវពូជចំនួន១ ៥៧៩គ្រួសារ ដើម្បីជួយសម្រួលដល់ការស្តារផលិតកម្មស្រូវឡើងវិញ។ ប្រជាពលរដ្ឋទទួលស្បៀង ចំនួន ៩ ៤២១ គ្រួសារ ដើម្បីជួយបំពេញតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារដែលកំពុងជួបការលំបាកដោយ​សារផលប៉ះពាល់ពីទឹកជំនន់ទឹកភ្លៀង៕