នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូអង្គការអ័ក្សសិនអេឌ្យូខេសិន (Action Education Cambodia) និងសារព័ត៌មានថ្មីៗ (Thmey Thmey Media) ដើម្បីទទួលការឧបត្ថម្ភសៀវភៅពីរភាសា (ខ្មែរ-បារាំង) «ស្នាមញញឹមខ្មែរ – Le Sourire du peuple cambodgien» ព្រមទាំងសម្ភារសិក្សាជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។
នាឱកាសនេះ លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Action Education Cambodia បានឱ្យដឹងថា សៀវភៅ «ស្នាមញញឹមខ្មែរ» ត្រូវបានបោះពុម្ពផ្សាយចំនួន ៣០០០ក្បាល ជាពីរភាសា គឺភាសាខ្មែរ និងភាសាបារាំង ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដើម្បីឱ្យប្រទេសដែលប្រើប្រាស់ភាសាបារាំងបានស្គាល់ពីរបៀបរស់នៅ អត្តសញ្ញាណ និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានថ្មីៗ បានឱ្យដឹងថាសៀវភៅ «ស្នាមញញឹមខ្មែរ» ជាស្នាដៃនិពន្ធរបស់ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានថ្មីៗមីឌៀគ្រុប (Thmey Thmey Media Group) រួមជាមួយអ្នកស្រាវជ្រាវបរទេសមួយចំនួនទៀត ដោយមានកិច្ចសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា (Sipar)។
សៀវភៅនេះ មានគោលបំណងបង្ហាញពីភាពរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនខ្មែរចំពោះប្រជាជននៃបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំង ព្រមទាំងបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដូចជា ម្ហូបអាហារ កីឡាប្រពៃណីរបស់ដូនតាខ្មែរ និងដើមកំណើតរបស់រុក្ខជាតិធម្មជាតិមួយចំនួន ដូចជា ដើមត្នោត និងផ្ការំដួល ដែលសុទ្ធសឹងជានិមិត្តរូបរបស់ជាតិកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរសមិទ្ធផលសៀវភៅថ្មី និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមចងក្រងសៀវភៅប្រកបដោយអត្ថន័យនេះឡើង ដែលនឹងចូលរួមចំណែកបង្ហាញពីអត្តសញ្ញាណជាតិដល់សហគមន៍អន្តរជាតិ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថាប័នទាំងពីរ ដែលបានឧបត្ថម្ភសៀវភៅស្នាដៃថ្មីនេះជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបែងចែកបន្តដាក់នៅតាមបណ្ណាល័យ ព្រមទាំងដាក់តាំងបង្ហាញក្នុងឱកាសពិព័រណ៍នៃព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ដោយគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏បាននិងកំពុងរៀបចំនូវឯកសារស្ដីពី «កំណែទម្រង់វិស័យអប់រំ ឆ្ពោះទៅរកសង្គមពុទ្ធិ» និង «ប្រាសាទព្រះវិហារ» សម្រាប់ផ្សព្វផ្សាយក្នុងឱកាសពិព័រណ៍នេះដែរ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា ដែលក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីធំៗចំនួន ២ ដើម្បីចូលរួមអបអរសាទរ និងបង្ហាញពីសមិទ្ធផលនៃវិស័យអប់រំកម្ពុជាទៅកាន់ឆាកអន្តរជាតិ រួមមាន៖ ១) វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ីប៉ាស៊ីហ្វិក (Cycle Scientifique Francophone d’Asie-Pacifique – CSFAP) ដែលផ្សព្វផ្សាយអត្ថបទពាក់ព័ន្ធនឹងការបង្រៀនផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា និង ២) ស្ដង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូន។
ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ Action Education Cambodia ដែលតែងតែចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា លើកកម្ពស់វិស័យអប់រំ និងជួយគាំទ្រការសិក្សារបស់កុមារនៅតាមព្រំដែន។
សូមបញ្ជាក់ថា ក្នុងឱកាសជំនួបនេះ អង្គការ Action Education Cambodia បានប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡារួមមាន៖
១) សៀវភៅ «ស្នាមញញឹមខ្មែរ – Le Sourire du peuple cambodgien» សរុប ៥០០ក្បាល
២) សៀវភៅសរសេរសរុប ៥០០ក្បាល សម្រាប់គាំទ្រកម្មវិធីសិក្សា និងសិស្សានុសិស្សក្រីក្រ ឬសិស្សក្រៅសាលា
៣) សៀវភៅអាន និងបំណិនជីវិតសរុប ២០០ក្បាល ក្នុងនោះមានសៀវភៅអានបន្ថែម និងកញ្ចប់បំណិនជីវិតសម្រាប់បណ្ណាល័យសាលារៀន
៤) កាបូបសិស្សសរុប ១០០កាបូប សម្រាប់ផ្ដល់ជូនសិស្សក្រីក្រ សិស្សក្រៅសាលា និងសិស្សមានពិការភាព
៥) ក្រមាខ្មែរសរុប ១០០ក្រមា (សូវ៉េនីយ៍អត្តសញ្ញាណវប្បធម៌ខ្មែរ) សម្រាប់ជូនប្រតិភូអន្តរជាតិ និងភ្ញៀវកិត្តិយស៕






