នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ពិធីអបអរស្វាគមន៍ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអូទីស្សឹម និងពិការភាពសតិបញ្ញា-រាងកាយ ព្រមទាំងអាណាព្យាបាល បាននិងកំពុងដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំមកពីក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អ្នកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរចំណុះរដ្ឋបាលខេត្ត លោកអភិបាលក្រុងតាខ្មៅ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាគ្រឹះស្ថានអប់រំពិសេសផ្លូវការរបស់រដ្ឋដំបូងគេបង្អស់ និងធំជាងគេបំផុតនៅកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលកុមារអូទីស្សឹម និងកុមារដែលមានពិការភាពសតិបញ្ញា។ គ្រឹះស្ថានសិក្សានេះ ត្រូវបានប្រែក្លាយពីសាលាអង្គការជំនួយក្តីសង្ឃឹមរដ្ឋាភិបាល តាមរយៈលិខិតលេខ ៦១ ស.ជ.ណ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងប្រកាសលេខ ៣៣៣ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា។ សាលានេះមានវិសាលភាពចាប់ពីកម្រិតមតេ្តយ្យដល់វិទ្យាល័យ ស្ថិតនៅភូមិព្រែកសម្រោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាលានេះទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈការឧបត្ថម្ភអគារសិក្សា សម្ភារៈឧបទេស អាហារូបត្ថម្ភ និងការដោះស្រាយក្របខណ្ឌជូនដល់លោកគ្រូ អ្នកគ្រូ ដែលធ្វើឱ្យសាលាក្លាយជាស្ថាប័នឈានមុខគេលើមុខជំនាញអប់រំពិសេសផ្នែកពិការភ្នែកក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនេះ លោក ចាន់ សារិន នាយកវិទ្យាល័យ និងជាប្រធានសមាគមអូទីស្សឹមកម្ពុជា បានឡើងថ្លែងរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារសិក្សាកន្លងមក ដោយបានបង្ហាញពីស្ថិតិសិស្ស គ្រូបង្រៀន និងហេដ្ឋារចនាសម្ព័ន្ធ រួមមាន វិទ្យាល័យមានសិស្សសរុបចំនួន ៤០០ នាក់ ស្រី ៨៨ នាក់ ក្នុងនោះរួមមានកម្រិតមតេ្តយ្យ កម្រិតបឋមសិក្សា និងកម្រិតវិទ្យាល័យ។ ចំពោះផ្នែកបុគ្គលិកអប់រំវិញ សាលាមានគ្រូបង្រៀនក្របខណ្ឌពិសេស គ្រូជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូប ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបង្រៀនសិស្សានុសិស្ស។ ចំពោះអគារសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង សាលាទទួលបានការកសាងអគារសិក្សាថ្មីៗបន្ថែមជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល និងសប្បុរសជននានា ដើម្បីធានាបាននូវបរិយាកាសសិក្សាគាប់ប្រសើរ។
ទន្ទឹមនឹងសកម្មភាព និងការឧបត្ថម្ភគាំទ្រ សាលាបានផ្តល់ការឧបត្ថម្ភហូបចុកចំនួន ៣ពេល ក្នុងមួយថ្ងៃ ដល់សិស្សានុសិស្ស ព្រមទាំងបង្កើតសកម្មភាពក្រៅម៉ោងសិក្សាដូចជា វិស័យកីឡា ការដាំដើមឈើ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្សេងៗទៀត ដើម្បីធានាថាពពួកគាត់ទទួលបានទាំងចំណេះដឹង និងការអភិវឌ្ឍខ្លួនពេញលេញ។ ក្នុងឱកាសនេះ លោកនាយក តំណាងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានលើកឡើងនូវសំណូមពរមួយចំនួន ទាក់ទងនឹងការស្នើសុំបន្ថែមក្របខ័ណ្ឌ និងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបន្តបេសកកម្មអប់រំ កូនចៅប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមឱកាសសិក្សារៀនសូត្រ និងការធ្វើសមាហរណកម្ម ចូលទៅក្នុងសង្គមដោយស្មើភាពគ្នា៕







