ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំកម្ពុជាកំពូលៗដែលគ្រោង នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែររួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ ខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅ ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូន ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានប្រកាសជាសាធារណៈថា កិច្ចប្រជុំកំពូលនេះនឹងមានអ្នកចូលរួមជាង៥ពាន់នាក់មកពីជាង៧០ប្រទេស ដែលក្នុងនោះមានជាង២០ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមហាអំណាច ដូចជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងអគ្គទេសាភិបាលកាណដា ជាដើម។
សូមបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុប៩៦២នាក់ ដែលបានចុះឈ្មោះចូលរួម ដែលក្នុងនោះ អ្នកសារព័ត៌មានអន្តរជាតិ មានចំនួនសរុប៣២០ នាក់ មកពី១៥៣ អង្គភាពសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ មកពីប្រទេស៣៩ ប្រទេស ។ យោងតាមកម្មវិធីបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា នឹងមានពិធីបើកព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលរៀបចំឡើងនៅសួនច្បារមុខវត្តបទុមវតី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ផងដែរ។
នៅថ្ងៃទី១៤ខែវិច្ឆិកា នឹងមានពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីមកពីជិត ៨០ ប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី។
នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកានឹងមានពិធីបើក កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលរៀបចំឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា នឹងមានពិធីបើក ព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច» ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីអគារ A ដល់អគារ F ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។ សូមបញ្ជាក់ថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្នុងនាមជាសមាជិកពេញសិទ្ធិនៃអង្គការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចាប់តាំងពីឆ្នាំ១៩៩៣ កម្ពុជាបានបញ្ជាក់ជាថ្មី តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ នូវការប្តេជ្ញាចិត្តប្រកបដោយចីរភាពរបស់ខ្លួនចំពោះឧត្តមគតិហ្វ្រង់កូហ្វូនី។ ការប្តេជ្ញានេះគឺស្របតាមកេរតំណែលរបស់ព្រះបាទសម្តេចព្រះបរមរតនៈកោដិ ដែលជាឥស្សរជនស្ថាបនិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងជាសក្ខីភាពនៃឆន្ទៈរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការដើរតួនាទីយ៉ាងសកម្ម លើកិច្ចសហប្រតិបត្តិការពហុភាគី។ ព្រឹត្តិការណ៍អន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងសម្រាប់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនៅអាស៊ី បន្ទាប់ពីកិច្ចប្រជុំនេះបានរៀបចំនៅទីក្រុងហាណូយ កាលពីឆ្នាំ១៩៩៧៕


