កម្ពុជា ចែករំលែកបទពិសោធពីការរៀបចំ និងអនុវត្តវិធានការសុវត្ថិភាព និងសុខភាពការងារ នាកិច្ចប្រជុំថ្នាក់តំបន់នៅម៉ាឡេស៊ី


(ម៉ាឡេស៊ី)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី ការពង្រឹងប្រព័ន្ធកត់ត្រានិងជូនដំណឹង (R&N) អំពីគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងពុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលត្រូវបានសហការរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) និងក្រសួងធនធានមនុស្សម៉ាឡេស៊ី ក្រោមការគាំទ្រពីគម្រោង ILO/Japan និងសហភាពអឺរ៉ុបប្រចាំម៉ាឡេស៊ី ដោយមានអ្នកចូលរួមសរុបប្រមាណ១០០នាក់ មកពី១៧ប្រទេស ក្នុងនោះមានបណ្ដាប្រទេសអាស៊ាន និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនាមជាវាគ្មិនកិត្តិយស លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការរៀបចំនិងអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសុវត្ថិភាពនិងសុខភាពការងារ (OSH)។ លោកជំទាវ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ និងការធ្វើបច្ចុប្បន្នភាពប្រកាសពាក់ព័ន្ធក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងវិធានការឆ្លើយតបនឹងភាពតានតឹងដោយកម្តៅនៅកន្លែងធ្វើការ ជាពិសេសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប វិស័យកសិកម្ម និងវិស័យសំណង់។

លោកជំទាវ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕