នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីលើ «វេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform» រវាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សាលាស្រុកអឹមសុង និងវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្មពន្លត់អគ្គិភ័យកូរ៉េ (Korea Fire industry technology institute (KFI) នៅសាលាស្រុកអឹមសុង ខេត្តឈុងឆង់ប៊ុកដូ សាធារណរដ្ឋកូរ៉េ។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពពីគ្រោះអគ្គិភ័យ និងរក្សាសុខុមាលភាពទូទៅ របស់បងប្អូនពលករបរទេស ពិសេសពលរដ្ឋកម្ពុជា ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយមិនចាំបាច់ចំណាយថវិកា និងមានការផ្តល់ជូនចំនួន ៦ ភាសា រួមមាន ភាសាកូរ៉េ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាវៀតណាម ភាសាចិន និងភាសានេប៉ាល់ ដែលក្នុងចំណោមភាសាទាំង ៦ ភាសាខ្មែរនឹងត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមឯកអគ្គរាជទូត បានមានប្រសាសន៍ថា សហគមន៍ខ្មែរនៅកូរ៉េកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកូរ៉េ យ៉ាងណាមិញសុវត្ថិភាពរបស់ពួកគាត់គឺជាអាទិភាពចំបងដែលស្ថានទូតតែងយកចិត្តទុកដាក់ ដូច្នេះកម្មវិធីខាងលើនឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុណាមួយដែលកើតឡើងដោយសាររបាំងភាសា។ បន្ថែមពីនេះ ស្ថានទូតនឹងព្យាយាមក្នុងការជួយផ្សព្វផ្សាយកម្មវិធីខាងលើនេះ ដើម្បីធានានូវសុខសុវត្ថិភាពជូនបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅក្នុងប្រទេសកូរ៉េ ។

