ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់ក្រុមការងារចុះជួយមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល កាលពីពេលថ្មីៗកន្លងទៅនេះ។
កិច្ចប្រជុំ ដែលមានសមាជិកសមាជិកាចូលរួមប្រមាណ ៣០០ នាក់នេះ រៀបចំឡើងក្នុងគោលបំណង ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ខាងមុខនេះ និង ដើម្បីប្រជុំជីវភាពគណបក្សប្រចាំឆ្នាំ និងជាពិសេសដើម្បីពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងស្មារតីទទួលខុសត្រូវរបស់យុវជន ក្នុងការបំពេញតួនាទី និងភារកិច្ចតាមការចាត់តាំងប្រកបដោយប្រសិទ្ធភាព។
ក្នុង ឱកាសនោះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត អនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល ចំពោះបងប្អូនសមាជិក សមាជិកា ទាំងអស់។
ឯកឧត្តមបណ្ឌិត បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារ ដែលបានរៀបចំផែនការសម្រាប់យុវជនគណបក្សប្រកបដោយរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចច្បាស់លាស់ ធ្វើឱ្យសមាជិកគណបក្សចូលរួមយ៉ាងសកម្ម បង្ហាញពីភាពខ្លាំងរបស់យុវជន និងធ្វើឱ្យគណបក្សដទៃទៀតមិនអាចអូសទាញ ឬបំផុសបំបាក់ស្មារតីបានឡើយ។


