ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យសមិទ្ធិផលថ្មីចំនួនពីរ នៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ខេត្តកំពង់ធំ


នាថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះត្រួតពិនិត្យសមិទ្ធិផលថ្មីចំនួនពីររបស់គម្រោង ដែលស្ថិតក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បេសកកម្មចុះពិនិត្យសមិទ្ធិផលថ្មីទាំងពីរ ក្នុងប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនាពេលនេះ ធ្វើឡើងដើម្បីវាយតម្លៃ និងតាមដានវឌ្ឍនភាពការងារអនុវត្តជាក់ស្តែង រួមមាន៖ ១. ការធ្វើស្រែបង្ហាញ (ស្រែគំរូ) និងស្រែពិសោធន៍៖ ការអនុវត្តបច្ចេកទេស SRP (Sustainable Rice Platform) ដើម្បីបង្កើនទិន្នផល និងគុណភាពស្រូវប្រកបដោយចីរភាព។ ២. ការងារអភិរក្សសត្វព្រៃកម្រ៖ ការការពារ និងអភិរក្សអំបូរសត្វខ្សិប ឬហង្សទេព (Bengal Florican) និងអំបូរសត្វត្រយ៉ងចង្កំកស (White-shouldered Ibis) ដែលជាប្រភេទសត្វកម្រជិតផុតពូជ និងមានវត្តមានតែមួយគត់នៅក្នុងតំបន់ប្រព័ន្ធធារាសាស្ដ្រស្ទឹងជីនិត។

ក្នុងឱកាសនោះ ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានសហការជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ស្របពេលអនុវត្តគម្រោងស្រែបង្ហាញ និងអភិរក្សសត្វព្រៃកម្រពីរប្រភេទក្នុងប្រព័ន្ធធារាសាស្ត្រ។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់កសិករ និងសហគមន៍ប្រើប្រាស់ទឹក ឱ្យរួមគ្នាថែរក្សាសត្វកម្រទាំងនេះឱ្យបានគង់វង្ស ព្រោះវាជាអត្តសញ្ញាណ និងជាមរតកធម្មជាតិដ៏មានតម្លៃរបស់ជាតិ៕