ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាសហអធិបតីបើកកិច្ចប្រជុំលើកទី១ គណៈកម្មាធិការតម្រង់ទិសនៃកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ


នាព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាសហអធិបតីបើកកិច្ចប្រជុំលើកទី១ គណៈកម្មាធិការតម្រង់ទិសនៃកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ(ACP4Climate) រួមជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំនៃសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

សូមជម្រាបថា កម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ(ACP4Climate) គឺជាកម្មវិធីចម្បងលើអាកាសធាតុរបស់រដ្ឋាភិបាលអូស្ត្រាលីនៅកម្ពុជា។ កម្មវិធីនេះជួយដល់ប្រទេសកម្ពុជាក្នុងការបន្ស៊ាំនិងកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងអភិបាលកិច្ចទឹក ការកែលម្អការគ្រប់គ្រងធនធានទឹកចម្រុះ និងការពង្រឹងភាពធន់នៅតាមសហគមន៍ប្រកបដោយបរិយាបន្ន។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសអូស្ត្រាលី ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយពង្រឹងអភិបាលកិច្ចទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ឱ្យដឹងថា កម្មវិធី ACP4Climate បានផ្តល់ឱកាសនៅក្នុងការកែលម្អប្រព័ន្ធរៀបចំផែនការ និងការគ្រប់គ្រងធនធានទឹក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអន្តរស្ថាប័ន ព្រមទាំងគាំទ្រដល់ការសម្រេចចិត្តលើការវិនិយោគ ដើម្បីឆ្លើយតបទៅនឹងអាទិភាព និងតម្រូវការរយៈពេលវែងរបស់កម្ពុជា។

សូមបញ្ជាក់ថា គណៈកម្មាធិការតម្រង់ទិស បង្កើតឡើងដើម្បីធានានូវការសម្របសម្រួលគោលនយោបាយកម្រិតខ្ពស់រវាងកម្ពុជា និងអូស្ត្រាលី ការត្រួតពិនិត្យជាយុទ្ធសាស្ត្រ ការទទួលខុសត្រូវលើការអនុវត្តកម្មវិធី ការសហការអន្តរក្រសួងលើភាពធន់នឹងអាកាសធាតុ ការគ្រប់គ្រងធនធានទឹក និងការគាំទ្រលើយុទ្ធសាស្រ្តសំខាន់ៗ រួមទាំងផែនការប្រចាំឆ្នាំ។ កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកដំបូងនេះគឺជាការចាប់ផ្តើម និងជាវេទិកាមួយដើម្បីណែនាំសមាជិកគណៈកម្មាធិការ និងសមាជិកក្រុមការងារបច្ចេកទេសនៃកម្មវិធីACP4Climate ពីតួនាទី និងការទទួលខុសត្រូវ ព្រមទាំងស្នើសុំការណែនាំនិងមតិយោបល់ពីសមាជិកគណៈកម្មាធិការនូវទិសដៅយុទ្ធសាស្ត្រលើការអនុវត្តរចនាសម្ព័ន្ធរៀបចំផែនការមេគ្រប់គ្រងទឹកនៅកម្ពុជា៕