អនុប្រធានទី១ រដ្ឋសភា ណែនាំដល់ឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៦រូប ត្រូវខិតខំផ្សព្វផ្សាយទាក់ទាញវិនិយោគិនបរទេស និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ណែនាំឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាដែលទើបតែងតាំងថ្មីចំនួន៦រូប ត្រូវខិតខំផ្សព្វផ្សាយទាក់ទាញវិនិយោគិនបរទេស និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសកសិផល និងផលិតផលសក្តានុពល (ដូចជាស្រូវ-អង្ករ អាហារកែច្នៃ និងសម្លៀកបំពាក់ )។

ការណ៍នេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ប្រតិភូឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងស៊ែប៊ី មុនពេលចេញទៅបំពេញបេសកកម្មការទូត ជូនជាតិមាតុភូមិ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានណែនាំឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទាំង៦រូប ត្រូវរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានណែនាំ ដល់ឯកអគ្គរាជទូតកម្ពុជាប្រចាំ៦ប្រទេស ត្រូវប្រកាន់ខ្ជាប់នូវ នយោបាយការបរទេសឯករាជ្យ និងត្រូវប្រកាន់ជំហររឹងមាំ លើ នយោបាយការបរទេសឯករាជ្យ អធិបតេយ្យ និងប្រកបដោយលំនឹងផ្អែកលើអភិក្រម «រក្សាមិត្តចាស់ បង្កើតមិត្តថ្មី» ត្រូវការពារឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីដោយឈរលើគោលការណ៍ «យកប្រជាជនជាស្នូល» និងដោះស្រាយ រាល់វិវាទ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ជាពិសេសជំរុញការទូតសភា ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី(ជាអាទិ៍ AIPAនិង IPU) សំដៅកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ និងលើក កម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសម្តេចប្រធានរដ្ឋសភា ជូនចំពោះប្រតិភូឯកអគ្គរាជទូតទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែង នូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោក លោកស្រី ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាតែងតាំង ឱ្យទៅបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសសំខាន់ៗ។

ជាការឆ្លើយតប លោកស្រី ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តំណាងឱ្យឯកអគ្គរាជទូតទាំង៦រូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការណែនាំដ៏ខ្ពង់ខ្ពស់នេះ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនេះឱ្យទទួលបានជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឱ្យស្របទៅតាមការទុកចិត្តរបស់ថ្នាក់ដឹកនាំជាតិ៕