អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ដ្រីចុះពិនិត្យមើលវឌ្ឍនៈភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺ នៅមហាវិថី ត្រៀមទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ចុះពិនិត្យមើលវឌ្ឍនៈភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺ នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោ រហូតដល់ស្ពានអាកាស សម្តេចមហាបវរធិបតី និងបន្តពិនិត្យមើលការងារមួយចំនួនទៀត នៅតាមមហាវិថី និងផ្លូវនានាជាច្រើន ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន ដើម្បីឱ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដែលនៅសេសសល់នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទាំងប្រព័ន្ធលូ ការជួលជុល អ៊ុតកៅស៊ូដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម។

ក្រៅពីនេះ ឯកឧត្តម ឃួង ស្រេង នូវបានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ រៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា និងការរៀបចំឱ្យមានការពង្វៀងចរាចរណ៍ នៅលើតម្រាយផ្លូវមួយចំនួនផ្សេងទៀត ដែលត្រូវប្រតិភូឆ្លងកាត់ផងដែរ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖

*ទី១៖ គ្រប់កិច្ចការ និងភារកិច្ចដែលទទួលបានពីគណៈកម្មការថ្នាក់ជាតិ ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន។ល។ គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ហើយ
*ទី២៖ ការងារអាទិភាពដែលរដ្ឋបាលរាជធានីកំពុងយកចិត្តទុកដាក់ពោលគឺរាល់កិច្ចការដែលគណៈកម្មការថ្នាក់ជាតិដាក់មក គឺត្រូវធានាឱ្យកិច្ចប្រជុំកំពូល ដំណើរការទៅបានដោយរលូនតាមការគ្រោងទុក និងជោគជ័យ ពិសេសគឺដើម្បីមោទនភាពជាតិ
*ទី៣៖ អំពីកិច្ចការ ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូ គឺរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងសហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងគណៈកម្មការសន្តិសុខថា្នក់ជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ
*ទី៤៖ ការងារជួសជុល ថែទាំដងផ្លូវ ភ្លើងបំភ្លឺសាធារណៈ និងការរៀបចំសោភ័ណ្ឌភាពតាមដងផ្លូវ រួមមាន៖

ក៖ ការងារលាបបេតុងទ្រូងផ្លូវ (ព្រះមុនីវង្ស សហព័ន្ធរុស្សី ព្រះនរោត្តម ផ្លូវ៦០ម៉ែត្រ)
ខ៖ ការងារអ៊ុតគំនូសចរាចរណ៍ រួមមាន៖ (មហាវិថីសហព័ន្ធរុស្សី វិថីប៊ុលហ្គារី ជុំវិញរង្វង់មូលបាយ័ន្ត រង្វង់មូលគួចកាណុង វិថីស៊ូស្រុន វិថីសុធារស មហាវិថីព្រះមុនីវង្ស ស្ពានជ្រោយចង្វារទាំង២ខ្សែ ស្ពានព្រះមុនីវង្ស
គ៖ ការងារថែទាំជួសជុលមហាវិថីសម្តេចហ៊ុនសែន ឬផ្លូវ ៦០ម៉ែត្រ រួមមាន៖ (ការអ៊ុតកៅស៊ូ និងការអ៊ុតពង្រីកតួផ្លូវ ការងារគំនូសចរាចរណ៍ ការលាបថ្នាំទ្រូងផ្លូវ តំលើងផ្លាកសញ្ញាចរាចរណ៍ថ្មី)
ឃ៖ ការងារកាត់ស្មៅ មែកឈើ និងការថែទាំសួនច្បារ រួមមាន៖ (ជួសជុល និងតុបតែងផ្កានៅសួនគួចកាណុង និងសួនមុខវិមានសន្តិភាព)។ ការងារ ជួសជុល ថែទាំបន្ទប់ទឹក និងតំឡើងបន្ថែមបន្ទប់ទឹក សម្រាប់បម្រើឱ្យព្រឹត្តការណ៍អម នៅសួនច្បារមុខវត្តបុទុមវតី និងសួនច្បារសំខាន់ៗ។

ការងារលាបកំបោរខឿន និងគល់ឈើ និងចិញ្ចើមផ្លូវ រួមមាន៖ សួនច្បារវិមានឯករាជ្យ សួនច្បារវត្តបុទុមវតី សួនព្រហ្មបាយ័ន្ត សួនគួចកាណុង សួនមុខគណៈរដ្ឋមន្រ្តី និងស្ពានជ្រោយចង្វារ។ ការងារតុបតែងលម្អភ្លើងនៅតាមសួនច្បារនានា ព្រមទាំងការតំឡើងបង្គោលដងទង់ជាតិបន្ថែម ឱ្យគ្រប់តាមចំនួនប្រតិភូប្រទេសដែលត្រូវអញ្ជើញចូលរួម នៅលើផ្លូវ៦០ម៉ែត្រ និងមាត់ទន្លេ។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំការយោគយល់ អធ្យាស្រ័យផងដែរ ក្នុងករណីមានការរំខាន ឬប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលអាចកើតឡើងដោយការកកស្ទះចរាចរណ៍ នៅជុំវិញទីតាំងប្រារព្ធពិធីនៃព្រឹត្តិការណ៍ប្រជុំកំពូល និងកម្មវិធីអមនានា។ សូមមេត្តាផ្តល់អាទិភាព ជូនក្បូនគណៈប្រតិភូជាន់ខ្ពស់ ដែលត្រូវអញ្ជើញមកបំពេញបេសកកម្ម នៅរាជធានីភ្នំពេញ អាចធ្វើដំណើរដោយរលូន និងដេីម្បីជាការលើកកិត្តិយស និងមុខមាត់របស់ប្រទេសជាតិយើងទាំងអស់គ្នា។

លោកស្រី បានបន្តថា វប្បធម៌នៃការចូលរួមសហការដ៏ល្អផូរផង់នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ទទួលបាននូវការកោតសរសើរ និងមានមោទនភពយ៉ាងក្រៃលែង៕