ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន៖ ព្រឹត្តិការណ៍វាយកូនគោលវឌ្ឍនៈកម្រិតពិភពលោក លើកទី២ នៅកម្ពុជា ជាផលិតផលទេសចរណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីកិត្យានុភាពជាតិលើឆាកអន្ដរជាតិ


ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគាំទ្រ និងចាត់ទុកការត្រឡប់មកវិញ នៃព្រឹត្តិការណ៍វាយកូនគោល Vattanac Legends Championship និង Vattanac Tour Championship កម្រិតពិភពលោកលើកទី២ នាពេលឆាប់ៗខាងមុខនេះ គឺជាផលិតទេសចរណ៍ដ៏ធំមួយ និងមានសារៈសំខាន់បំផុតសម្រាប់រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយពីកិត្យានុភាពជាតិលើឆាកអន្ដរជាតិ ដែលព្រឹត្តិការណ៍កាលពីឆ្នាំ២០២៥ ទទួលបានអ្នកចូលទស្សនាសរុបប្រមាណ ២០០លានដង ទៅកាន់ទស្សនិកជននៅអាស៊ី អឺរ៉ុប និងអាមេរិក តាមរយៈបណ្តាញផ្សព្វផ្សាយអន្តរជាតិធំៗនៅទូទាំងពិភពលោក។

ការគូសបញ្ជាក់នេះ បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ដ្រីបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងារត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំខាងលើ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោយរាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឲ្យ NOCC សហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងថា សម្រាប់ព្រឹត្តិការណ៍វាយកូនគោលកម្រិតពិភពលោកលើកទី២ រយៈពេល ២សប្តាហ៍នេះ នឹងមានវត្តមានកីឡាករអន្តរជាតិឆ្នើមៗ និងបុគ្គលល្បីៗបន្ថែមទៀតមកពីជុំវិញពិភពលោក ពិសេសគឺនឹងមានការចូលរួមដោយផ្ទាល់ពីលោក Ryan Howsam ប្រធានស្ថាប័ន Legends Tour បន្ទាប់ពីគាត់បានមើលឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់ សម្រាប់ព្រឹត្តិការណ៍ Vattanc Legend Tour លើកទី១ ឆ្នាំ២០២៥ ដែលជាឱកាសដ៏សំខាន់បំផុតសម្រាប់វិស័យកីឡាវាយកូនគោល និងវិស័យទេសចរណ៍នៅកម្ពុជា ក្នុងការផ្សារភ្ជាប់ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ព្រមទាំងបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតអន្ដរជាតិធំៗ ក្រោមម្លប់សន្ដិភាព និងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅសម្រាប់ស្វាគមន៍ប្រតិភូ ថ្នាក់ដឹកនាំ និងកីឡាករអន្ដរជាតិមកពីជុំវិញពិភពលោក។

ឯកឧត្តមបន្ដថា «កត្ដាទាំងអស់នេះហើយ ទើបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានការសាទរ និងអនុញ្ញាតឲ្យ NOCC សហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត រៀបចំព្រឹត្តិការណ៍នេះឡើងជាលើកទី២ ដែលយើងនឹងទទួលរៀបចំឲ្យកាន់តែល្អ និងធំជាងលើកមុនថែមទៀត។ សម្រាប់ព្រឹត្តិការណ៍នេះគឺជាផលិតផលទេសចរណ៍ដ៏ធំ ដែលយើងត្រូវរួមគ្នារៀបចំឲ្យល្អ ដើម្បីជំរុញការផ្សព្វផ្សាយពីកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដើម្បីជាកិត្តិយសរបស់ប្រជាជន ក៏ដូចជាប្រទេសកម្ពុជា ក្នុងទទួលរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ»។

ជាមួយការគាំទ្រពីរាជរដ្ឋាភិបាល និងការជឿជាក់ពីស្ថាប័នអន្ដរជាតិ ការរៀបចំព្រឹត្តិការណ៍វាយកូនគោលកម្រិតពិភពលោកខាងលើ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការខិតខំរៀបចំព្រឹត្តិការណ៍ឲ្យបានល្អ ពង្រឹងបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។ ជាងនេះទៀត ក៏បង្ហាញឲ្យពិភពលោកបានឃើញថាកម្ពុជាកំពុងរស់នៅក្នុងសុខសន្ដិភាព កម្ពុជាចង់បានសន្ដិភាព ទទួលស្វាគមន៍មិត្តភក្ដិបរទេស និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី តួយ៉ាងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាពេលដ៏ខ្លីខាងមុខជាដើម។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍វាយកូនគោលកម្រិតពិភពលោក ដែលគ្រោងរៀបចំការប្រកួតនៅទីលាន វឌ្ឍនៈ ហ្គោល រីហ្សត នាពេលខាងមុខ គឺបែងចែកជា ២ ទី១-ការប្រកួត Vattanac Legends Championship 2026 ចាប់ពីថ្ងៃទី២៣-២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ និងទី២-ការប្រកួត Vattanac Tour Championship 2026 ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ដែលព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ មានប្រាក់រង្វាន់សរុបជិត ១.៤៥លានដុល្លារអាមេរិក។

ក្រៅពីព្រឹត្តិការណ៍ធំៗទាំងពីរនៅទីលាន វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញនេះ NOCC និងក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ក៏នឹងរៀបចំកម្មវិធីទស្សនាប្រាសាទបុរាណនៅសៀមរាប-អង្គរ ដូចជាប្រាសាទមេបុណ្យខាងលិច ប្រាសាទអង្គរវត្ត និងពិធីពិសាភោជនាហារនៅមុខប្រាសាទបាយ័ន សម្រាប់កីឡាករអន្តរជាតិ ថ្នាក់ដឹកនាំ Legend Tour និងប្រតិភូចូលរួមទាំងអស់ ដើម្បីផ្តល់ឱកាសឱ្យប្រតិភូទាំងអស់បានទស្សនាប្រាសាទបុរាណនៅតំបន់បេតិកភណ្ឌ ពិសេសផ្សព្វផ្សាយពីគោលដៅទេសចរណ៍វប្បធម៌ដ៏សម្បូរបែបនៃសៀមរាប-អង្គរ ទៅកាន់អន្តរជាតិ៕