ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យការគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះ (IWRM) នៃប្រព័ន្ធស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


នាថ្ងៃអង្គារ ១កើត ខែកក្ដិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យជាក់ស្តែងនូវការគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះ (IWRM) ដែលបានអនុវត្តនាពេលកន្លងមក តាមប្រព័ន្ធស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យសំណង់ប្រព័ន្ធធារាសាស្ត្រកំពង់គោ រួមមាន៖ សំណង់ស្ទាក់ទឹកកាត់ស្ទឹងសែន សំណង់សណ្តរទំនប់ និងសំណង់ការពារច្រាំងស្ទឹងសែន ព្រមទាំងការងារស្តារស្ទឹងអូរវាយ ស្ថិតក្នុងក្រុងស្ទឹងសែន និងស្ទឹងផ្សេងៗទៀតប្រមាណ ១០ ដែលតភ្ជាប់ជាមួយស្ទឹងសែន ក្នុងគោលបំណងបង្វែរមុខទឹក ដើម្បីបញ្ចៀសការលិចលង់ទីរួមខេត្តកំពង់ធំ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ការធ្វើទំនើបកម្ម និងស្តារប្រព័ន្ធស្ទឹងសែន នឹងបង្កើនសមត្ថភាពស្តុកទឹក ឆ្លើយតបការប្រែប្រួលអាកាសធាតុ តម្រូវការពហុវិស័យ និងបញ្ចៀសការជន់លិចទីរួមខេត្តក្នុងរដូវវស្សា។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំក្រុមហ៊ុនសាងសង់ ឱ្យគោរពតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងបរិស្ថាន ដើម្បីធានាគុណភាពសំណង់ និងបញ្ចប់តាមផែនការកំណត់៕