ប្រធានាធិបតីរវ៉ាន់ដា ឯកឧត្តម ប៉ុល ខាហ្កាម៉េ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ថ្ងៃទី១៣វិច្ឆិកា ស្របពេលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ុល ខាហ្កាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ប្រធានាធិបតី ប៉ុល ខាហ្កាម៉េ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានាធិបតី ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ កម្ពុជា និងរវ៉ាន់ដា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន លើវិស័យពាណិជ្ជកម្ម វិនិយោគ អាកាសចរណ៍ និងទេសចរណ៍។ ឯកសារទាំងនេះនឹងផ្តល់នូវកម្លាំងចលករថ្មីដ៏រឹងមាំដល់ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ៕