(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងថា កម្ពុជាកំពុងជំរុញការពង្រឹងសមត្ថភាពប្រកួតប្រជែងនៃវិស័យស្វាយចន្ទី និងម្រេច តាមរយៈការបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក ការពង្រឹងស្តង់ដាគុណភាព ការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការពង្រីកទីផ្សារនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រឹងវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។
ការលើកឡើងរបស់លោកជំទាវ ចម និម្មល ធ្វើឡើងក្នុងឱកាសវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ពីកម្ពុជាទៅកាន់ពិភពលោក ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប» នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកជំទាវ ចម និម្មល បានលើកឡើងថា វេទិកាដែលរៀបចំឡើងជាលើកទី២នេះ ជាឱកាសដ៏សំខាន់ក្នុងការប្រមូលផ្ដុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងវិនិយោគិន ដើម្បីចែករំលែកចំណេះដឹង ជំរុញការវិនិយោគលើការកែច្នៃបង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារសម្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប។
លោកជំទាវ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងស្ថានទូតអាល្លឺម៉ង់ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំវេទិកា និងគាំទ្រការអភិវឌ្ឍវិស័យជាយុទ្ធសាស្ត្រទាំងពីរនេះ។
លោកជំទាវ ចម និម្មល បានសង្កត់ធ្ងន់លើកិច្ចសហការរវាងក្រសួងទាំងបី (ពាណិជ្ជកម្ម កសិករ និងឧស្សាហកម្ម) ក្នុងស្មារតីជាតួអង្គតែមួយ គោលដៅរួម គឺដើម្បីតភ្ជាប់ខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ ការកែច្នៃ និងការពង្រឹងគុណភាព រហូតដល់ការស្វែងរកទីផ្សារ និងការនាំចេញដោយចីរភាព ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ពីប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម ទៅជាប្រទេសផលិត និងនាំចេញផលិតផលកសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
លោកជំទាវ បន្ថែមថា «ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មបានបន្តជំរុញការធ្វើពិពិធកម្មទីផ្សារ ការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការកសាងម៉ាកសញ្ញា និងការដឹកនាំសហគ្រាសកម្ពុជា ចូលរួមពិព័រណ៍អន្តរជាតិធំៗ ដូចជា SIAL Paris និង Anuga ព្រមទាំងការរៀបចំជំនួបពាណិជ្ជកម្ម ដើម្បីតភ្ជាប់ផលិតផលកម្ពុជា ទៅកាន់អ្នកបញ្ជាទិញ និងបណ្ដាញចែកចាយទាំងលក់រាយ និងបោះដុំ អន្តរជាតិ»។
លោកជំទាវ បានលើកឡើងពីលក្ខណៈពិសេស នៃផលិតផលកម្ពុជា ដោយគ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ខណៈម្រេចកំពតត្រូវបានចុងភៅលំដាប់កំពូលៗ ជ្រើសរើសជាគ្រឿងទេស សម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានដ៏ប្រណីត ជុំវិញពិភពលោក។
លោកជំទាវ ចម និម្មល ក៏បានគូសបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្នកំពុងមានវត្តមានដាក់លក់ នៅតាមផ្សារអន្តរជាតិសរុបជាង ២៣ ០០០ទីតាំង ក្នុងនោះមានបណ្ដាញផ្សារធំៗ ដូចជា Costco, E.Leclerc, Carrefour និង Tesco ជាដើម។
វឌ្ឍនភាពនេះ ឆ្លុះបញ្ចាំងពីការពង្រីកវត្តមានផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ និងជាកម្លាំងជំរុញឱ្យបន្តពង្រឹងគុណភាព បង្កើនតម្លៃបន្ថែម និងស្វែងរកឱកាសទីផ្សារថ្មីៗបន្ថែមទៀត។
លោកជំទាវ បន្ថែមថា «ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យស្វាយចន្ទី និងម្រេចកម្ពុជា សូមផ្ដល់អនុសាសន៍សំខាន់ៗ រួមមាន៖ ការបង្កើនសមត្ថភាពកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ការពង្រឹងគុណភាព និងការអនុវត្តតាមស្តង់ដា និងលក្ខខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ ការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ការពង្រីកប្រព័ន្ធតាមដានប្រភពដើមឌីជីថល ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនបង្វិល ការលើកកម្ពស់ម៉ាកសញ្ញា និងអត្តសញ្ញាណផលិតផលកម្ពុជា ព្រមទាំងការកសាងទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលឈរលើទំនុកចិត្ត តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក»។
លោកជំទាវ បញ្ជាក់ថា នេះជាការបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត របស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីសម្រួលពាណិជ្ជកម្ម ពង្រីកឱកាសទីផ្សារ និងគាំទ្រកសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។
លោកជំទាវ រដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញ និងវិនិយោគិនអន្តរជាតិ បង្កើនកិច្ចសហការជាមួយដៃគូកម្ពុជា និងបានបង្ហាញក្ដីសង្ឃឹមថា វេទិការយៈពេលពីរថ្ងៃនេះ នឹងនាំមកនូវកិច្ចសន្យាពាណិជ្ជកម្ម ការវិនិយោគថ្មីៗ និងភាពជាដៃគូយូរអង្វែង ដើម្បីនាំស្វាយចន្ទី និងម្រេចកម្ពុជាទៅកាន់ទីផ្សារសកល ជាពិសេសសហភាពអឺរ៉ុប៕





