ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំកម្ពុជា ប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក


ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិក ឯកឧត្តម គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានចូលក្រាបបង្គំទូលថ្វាយសារតាំងចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ដែលជាការចាប់ផ្តើមជាផ្លូវការនូវបេសកកម្មការទូតរបស់លោក ក្នុងនាមជាតំណាងផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បានមកដល់ប្រទេសកម្ពុជាក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

តាមរយៈបណ្តាញសង្គមការងារផ្លូវការ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានរំលេចថា  ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ត្រាំ ប្រទេសទាំងពីរកំពុងជំរុញសន្ទុះថ្មីនៃទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។

ដោយផ្អែកលើសន្ទុះនេះ ឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ ពង្រីកពាណិជ្ជកម្ម និងការវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបណ្តាញឆបោកផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត អ៊ែនដឺសឹន បង្ហាញនូវការស្វាគមន៍ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកម្ពុជានាពេលខាងមុខ ដើម្បីប្រែក្លាយសន្ទុះនៃទំនាក់ទំនងនេះឱ្យទៅជាវឌ្ឍនភាពដ៏មានអត្ថន័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងសម្រាប់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា៕