តួកគីយ៉េ កំពុងពិនិត្យសំណើរបង្កើតការិយាល័យអនុព័ន្ធយោធាតួកគីយ៉េនៅកម្ពុជា


នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានគូសបញ្ជាក់ពីចំណងមិត្តភាព និងទំនាក់ទំនងការទូតរវាងកម្ពុជា-តួកគីយ៉េ ដែលមានរយៈពេល ៦៧ឆ្នាំមកហើយ ព្រមទាំងបានលើកឡើងពីលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគីយ៉េ កាលពីខែតុលា ឆ្នាំ២០២៦ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌយោធា ដែលជាមូលដ្ឋាន និងជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។

ឯកឧត្តម អគ្គមេបញ្ជាការ បានបង្ហាញជំនឿថា កងទ័ពកម្ពុជា និងតួកគីយ៉េ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយោធា មនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។

ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានស្នើឱ្យភាគីតួកគីយ៉េពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធានៅរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនអំពីស្ថានភាពតានតឹង និងផុយស្រួយនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំងឡើយ។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌយោធាដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។

លោកវរសេនីយ៍ឯកបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងឧស្សាហកម្មយោធារបស់តួកគីយ៉េ ដែលអាចចូលរួមចំណែកបំពេញតម្រូវការរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានសន្យាថា នឹងលើកយកសំណើបង្កើតការិយាល័យអនុព័ន្ធយោធាតួកគីយ៉េនៅកម្ពុជាផ្ទាល់ ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិតួកគីយ៉េ ដើម្បីពិនិត្យ និងពិចារណា៕