ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមបង្ការ និងវិធានការឆ្លើយតបនឹងបាតុភូតអែលនីញ៉ូ


នាព្រឹកថ្ងៃពុធ ២កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមបង្ការ និងវិធានការឆ្លើយតបនឹងបាតុភូតអែលនីញ៉ូ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មនាពេលកន្លងមក ក្នុងការចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុជាសកល ក្រោមកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីញ៉ូ ដែលបាតុភូតនេះ ជាទូទៅតែងតែនាំមកនូវសីតុណ្ហភាពកាន់តែក្ដៅខ្លាំង លក្ខខណ្ឌស្ងួតហែងអូសបន្លាយ ការថយចុះនៃបរិមាណទឹកភ្លៀង ព្រមទាំងការកើនឡើងនូវហានិភ័យនៃគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ។ ឥទ្ធិពលជាក់ស្ដែង នៅក្នុងឆ្នាំ២០២៦ គឺមានព្យុះច្រើន តែទឹកភ្លៀងតិច មកដល់ពេលនេះមានព្យុះចំនួន ៣២ព្យុះ បើធៀបនឹងឆ្នាំ២០២៥មាន ២៧ព្យុះ និងឆ្នាំ២០២៤ មាន ២៥ព្យុះ។ លើសពីនេះ បើតាមការព្យាករ បាតុភូតអែលនីញ៉ូ អាចបន្តមានឥទ្ធិពលលើកម្ពុជារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ហើយកម្ដៅក្ដៅខុសពីធម្មតាគឺកើនឡើងពីចន្លោះ ១,៥អង្សា ដល់ ៣អង្សា ចាប់ពីខែកុម្ភៈដល់ខែមេសា ដែលទាមទារឱ្យមានយកចិត្តទុកដាក់ថែរក្សាប្រភពទឹក សន្សំសំចៃទឹក និងផ្តល់អាទិភាពទី១ ដល់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងទី២ ដល់ការធ្វើស្រែប្រាំងនិងការដាំដុះ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវវិធានការ និងការត្រៀមលក្ខណៈ ដើម្បីឆ្លើយតបទៅនឹងបាតុភូតអែលនីញ៉ូ ដូចជា ១)ការជួសជុល ស្តារ និងថែទាំប្រព័ន្ធធារាសាស្ត្រ និងអាងស្ដុកទឹក ២)ការគ្រប់គ្រងទឹក និងអភិរក្សប្រភពទឹក ៣)ការជួសជុល ស្តារ និងថែទាំស្ថានីយជលសាស្ត្រនិងឧតុនិយម ៤)ការត្រៀមលក្ខណៈអន្តរាគមន៍បន្ទាន់ និងការឆ្លើយតបជាក់ស្ដែង ៥)ការផ្សព្វផ្សាយការយល់ដឹង និង ៦)កិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានអាងស្ដុកទឹកចំនួន ១៦៥៩ អាង ដែលមានសមត្ថភាពស្ដុកទឹកអតិបរមាប្រមាណ ៤០០០លានម៉ែត្រគូប៕