(ភ្នំពេញ)៖ សៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រថ្មីមួយ ក្រោមចំណងជើងថា «សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងហ្វ្រង់កូហ្វូនី» រៀបរៀងដោយ ឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ហែលដ្រើស និងបោះពុម្ពផ្សាយដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានគូសបញ្ជាក់ជាប្រវត្តិសាស្ត្រ អំពីព្រះរាជតួនាទីដ៏លេចធ្លោរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងនាមជាបិតាស្ថាបនិកមួយព្រះអង្គ ក្នុងចំណោមបិតាស្ថាបនិកទាំងបួន នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងការបន្តព្រះរាជបេសកកម្មដ៏ស័ក្តិសមបំផុតដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
ឯកសារស្រាវជ្រាវនេះបានបង្ហាញថា ចលនាហ្វ្រង់កូហ្វូនីត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរួមគ្នារបស់មេដឹកនាំឆ្នើម ៤ រូប រួមមាន៖ ប្រធានាធិបតី ឡេអូប៉ូល សេងហ្គ័រ នៃប្រទេសសេណេហ្គាល់, ប្រធានាធិបតី ហាប៊ីប ប៊ួរហ្គីបា នៃប្រទេសទុយនេស៊ី, ប្រធានាធិបតី ហាម៉ានី ឌីអូរី នៃប្រទេសនីហ្សេ និងសម្តេចព្រះ នរោត្តម សីហនុ នៃប្រទេសកម្ពុជា។
តាមរយៈការចូលរួមរបស់សម្តេចព្រះ នរោត្តម សីហនុ តាំងពីឆ្នាំ១៩៦២ ព្រះអង្គបាននាំយកនូវ «សមាសភាគអាស៊ី» ដ៏សំខាន់ ដែលជួយឱ្យសហគមន៍អ្នកប្រើប្រាស់ភាសាបារាំងលើសកលលោក ទទួលបាននូវភាពជាសកលពិតប្រាកដ។
ចំពោះសម្តេចព្រះ នរោត្តម សីហនុ ភាសាបារាំងពុំមែនគ្រាន់តែជាកេរដំណែលនៃសម័យអាណានិគមនោះឡើយ ប៉ុន្តែគឺជាឧបករណ៍ការទូត វប្បធម៌ និងការអភិវឌ្ឍចំណេះដឹងទំនើប ដើម្បីការពារផលប្រយោជន៍ជាតិ និងជំរុញនយោបាយការបរទេសអព្យាក្រឹតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ថ្វីត្បិតតែរដ្ឋប្រហារខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាខកខានការចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាក្រុងនីយ៉ាម៉េ (Niamey) កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ក្តី ប៉ុន្តែអង្គការ OIF បានទទួលស្គាល់ព្រះអង្គជាឯកច្ឆន្ទថា ជាបិតាស្ថាបនិក។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការយាងនិវត្តន៍របស់ព្រះអង្គ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃ OIF នៅឆ្នាំ១៩៩៣។
លើសពីនេះ អត្ថបទស្រាវជ្រាវបានរំលេចថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជា «ព្រះរាជទាយាទដ៏ស័ក្តិសមបំផុតនៃហ្វ្រង់កូហ្វូនី»។ ព្រះអង្គមិនត្រឹមតែជាព្រះរាជតំណាងដ៏ឆ្នើមក្នុងវិស័យការទូតវប្បធម៌ និងធ្លាប់ជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូប៉ុណ្ណោះទេ ថែមទាំងត្រូវបានជ្រើសតាំងជាសមាជិកនៃបណ្ឌិត្យសភាអក្សរចារឹក និងអក្សរសិល្ប៍នៃសាធារណរដ្ឋបារាំង តាំងពីឆ្នាំ២០០៨ មកម៉្លេះ។
ក្នុងឱកាសយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅប្រទេសបារាំង កាលពីខែតុលា ឆ្នាំ២០២៤ ព្រះករុណា
ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះគុណតម្លៃហ្វ្រង់កូហ្វូនី ដោយព្រះអង្គគូសបញ្ជាក់ថា៖ «ព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះគុណតម្លៃ និងគោលការណ៍នានារបស់ហ្វ្រង់កូហ្វូនី ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះភាពសម្បូរបែបខាងវប្បធម៌ និងភាសា ដែលជាកត្តាជំរុញការអភិវឌ្ឍន៍របស់មនុស្សជាតិ និងចំពោះពហុភាគីនិយមដែលផ្អែកលើវិធាន និងនីតិរដ្ឋអន្តរជាតិ»។
ការបោះពុម្ពផ្សាយឯកសារប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពបញ្ជាក់កាន់តែច្បាស់អំពីកេរដំណែលការទូតអន្តរជាតិដ៏យូរអង្វែងរបស់រាជវង្សកម្ពុជា និងការបន្តតភ្ជាប់កម្ពុជាជាស្ពានវប្បធម៌ដ៏រឹងមាំរវាងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកនិយាយភាសាបារាំង៕
























