អភិបាលខេត្តកំពត និងឯកឧត្តម ប៉ែន អ៊ៀតយៀន ជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយអតីតយុទ្ធជន


(កំពត)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម ប៉ែន អ៊ៀតយៀន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងខេត្តកំពតចំនួន ១៣៨នាក់ មកពីក្រុងកំពត ក្រុងបូកគោ និងស្រុកទឹកឈូ។

ក្នុងជំនួបសួរសុខទុក្ខនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរ​ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន ក៏ដូចជាក្រុមគ្រួសារ​អតីត​យុទ្ធជន ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់ធំធេងសម្រាប់ជាតិមាតុភូមិ ពីសំណាក់រដ្ឋបាល ខេត្ត និងសមាគមអតីតយុទ្ធជន និងនិវត្តជនរបស់ខេត្ត។ ក្រៅពីការផ្តល់ប្រាសក់សោធន​ប្រចាំ​ខែ ផ្តល់​បណ្ណបេឡាជាតិរបបសន្តិសុខសង្គមពីសំណាក់រាជរដ្ឋាភិបាលដើម្បីទទួល​សេវា​សុខា​ភិ​បាលមិនអស់ប្រាក់ហើយនោះ ក្រុមការងារសមាគមតែងតែចុះសួរសុខទុក្ខតាមខ្នងផ្ទះ និងចូល​រួមក្នុងកម្មវិធីនានារបស់ក្រុមគ្រួសារអតីតយុទ្ធជនពេលមានទុក្ខលំបាក ដូចជាមរណៈជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន អ៊ៀតយៀន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ និងក្តីនឹករលឹករបស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា។ ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន តែងនឹករលឹកជានិច្ចចំពោះអតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកបានប្រកៀកស្មា រួមសុខទុក្ខជាមួយសម្តេចក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ជាពិសេសប្រយុទ្ធការពារមិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។

ក្រៅពីនាំយកនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ​ហើយនោះ ឯកឧត្តម ប៉ែន អ៊ៀតយៀន បានបង្ហាញពីការដឹងគុណចំពោះអតីតយុទ្ធជនទាំងអស់។ លោកលើកឡើងថា «គុណបំណាច់ និងការលះបង់របស់អតីតយុទ្ធជន និង យុវនីតិសប្បទា គឺជាគំរូដ៏មានតម្លៃ​សម្រាប់​កូនចៅជំនាន់ក្រោយ»។

ឯកឧត្តមបន្ថែមថា ការលះបង់របស់វីរយុទ្ធជនយើង គឺជាគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍរហូតដល់​សព្វថ្ងៃ។

ក្នុងកិច្ចសំណេះសំណាលនោះ ក៏មាននាំយកយកនូវអំណោយមួយចំនួនជូនដល់អតីតយុទ្ធជនដែលបានចូលរួម រួមមាន៖ ថវិកា ៥ម៉ឺនរៀល ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង មីមួយកេស អង្ករ និងសារ៉ុង៕