អគ្គនាយក ARDB ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមហ៊ុនរដ្ឋចិន COFCO ស្វែងរកកិច្ចសហការរវាងស្ថាប័នទាំងពីរ


ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដឹកនាំដោយលោក SHI Wenping នាយកក្រុមហ៊ុន HuaShang International Engineering Co., Ltd. ដែលជាក្រុមហ៊ុនសមាជិករបស់ COFCO Technology & Industry ក្រោមឆ័ត្រក្រុមហ៊ុន COFCO នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការសហការគ្នារវាង ARDB និង COFCO។

COFCO ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៤៩ គឺជាសហគ្រាសរដ្ឋធំបំផុតរបស់ប្រទេសចិន ក្នុងវិស័យកសិកម្ម និងស្បៀងអាហារ។ COFCO មានប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង ១៤០ទូទាំងពិភពលោក ដោយគ្របដណ្តប់លើខ្សែច្រវាក់តម្លៃទាំងមូល ចាប់ពីផលិតកម្ម ការស្តុកទុក ការកែច្នៃ រហូតដល់ពាណិជ្ជកម្ម។

ចំណែក COFCO Technology & Industry គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ COFCO ដែលមានជំនាញផ្នែកវិស្វកម្ម និងបច្ចេកវិទ្យា សម្រាប់ឧស្សាហកម្មកែច្នៃធញ្ញជាតិ ប្រេង និងចំណីអាហារ ព្រមទាំងភស្តុភារខ្សែសង្វាក់ត្រជាក់ (Cold Chain Logistics) ខណៈដែលក្រុមហ៊ុន HuaShang ផ្តោតលើការរចនា និងការប្រឹក្សាផ្នែកវិស្វកម្ម សម្រាប់ភស្តុភារខ្សែច្រវាក់ត្រជាក់ ការកែច្នៃចំណីអាហារ និងការចែកចាយកសិផល។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការ​គាំទ្រដល់​ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទនៅកម្ពុជា ព្រមទាំងការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឱ្យកាន់តែទូលំទូលាយ ជាពិសេសតាមរយៈការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ចាប់ពីការផលិត ការកែច្នៃ ការស្តុកទុក រហូតដល់ការនាំចេញ។

ជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសរាក់ទាក់ និងស្និទ្ធស្នាល ដោយភាគីទាំងសងខាងបានសម្តែងនូវឆន្ទៈ ក្នុងការបន្តការពិភាក្សាលម្អិត ដើម្បីឈានទៅរកកិច្ចសហការជាក់ស្តែងនាពេលខាងមុខ៕