ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់ព្រះវិហារឥស្លាម (ម៉ាស្ចិតរ៉ាវហ្ទោះ) ក្រុងដូនកែវ ខេត្តតាកែវ


ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការដ្ឋានសាងសង់ព្រះវិហារឥស្លាម (ម៉ាស្ចិតរ៉ាវហ្ទោះ) ដែលស្ថិតនៅភូមិចុងថ្នល់ សង្កាត់ បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការអញ្ជើចូលរួមដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មន្ទីរធម្មការខេត្ត លោកអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានភូមិ គណៈអ៊ីម៉ាំខេត្ត ហាកឹមតួន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

តាមរយៈរបាយការណ៍របស់ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាទីប្រឹក្សាគណៈដឹកនាំជាន់ខ្ពស់ឥស្លាមកម្ពុជា និងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម វ៉ី សំណា ង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីរួចមក ។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយរឹទ្ធិនារីកម្ពុជា ជូនដល់អង្គពិធីទាំងមូល ដែលជានិច្ចជាកាល សម្ដេច តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាជន និងសុខដុមនីយកម្មរបស់បរិស័ទគ្រប់និកាយសាសនាដែលកំពុងប្រតិបត្តិនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់វិហារអ៊ីស្លាម«ម៉ាស្ជិតរ៉ាវតោះ» អាចប្រព្រឹត្តឡើងយ៉ាងអធិកអធមបាន អាស្រ័យដោយព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមមត៌កដឹកនាំប្រកប ដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការសាងសង់វិហារអ៊ីស្លាម ឬ «ម៉ាស្ជិតរ៉ាវតោះ» នេះឡើងក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលស្នូលខាងផ្លូវចិត្តវិញ្ញាណ ការអប់រំ និងការអភិវឌ្ឍសហគមន៍ឱ្យមានភាពសុខដុមរមនា។ វិហារនេះមិនត្រឹមតែជាសំណង់ស្ថាបត្យកម្មដ៏ប្រណីតសម្រាប់តំណាងឱ្យអត្តសញ្ញាណ និងសិល្បៈវប្បធម៌ឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែ វាត្រូវបានកសាងឡើងដើម្បីបម្រើជាទី សក្ការបូជាដ៏ស្ងប់ស្ងាត់សម្រាប់សាសនិកជនក្នុងការជួបជុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃ និងរំលឹកដល់ព្រះជាម្ចាស់។ ទន្ទឹមនឹងនេះ វិហារឥស្លាមមួយនេះបានដើរតួជាសាលារៀន និងជាមជ្ឈមណ្ឌលអប់រំដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចំណេះដឹងសាសនា ភាសា ព្រមទាំងក្រមសីលធម៌រស់នៅដល់កុមារ និងយុវជនជំនាន់ក្រោយឱ្យដើរលើផ្លូវល្អចៀសឆ្ងាយពីអបាយមុខ ការកសាងវិហារនេះឡើង គឺដើម្បីបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃ និងជាប្រភពបុណ្យកុសលមិនចេះរីងស្ងួត ក្នុងការកសាងសហគមន៍មួយ ដែលរីកចម្រើនទាំងផ្លូវចិត្ត ចំណេះដឹង និងស្មារតីជួយគ្នាក្នុងសង្គម។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ឡា ឡៃ និងសមាគមអភិវឌ្ឍន៍ និងការអប់រំមុស្លិមកម្ពុជា រួមនឹងដៃគូរសមាគម Humanipedie មកពីប្រទេសប៊ែលហ្សិក ដែលបានប្រើប្រាស់ថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ សហការផ្តួចផ្តើមសាងសង់ព្រះវិហារថ្មីនេះឡើង ។

ដើម្បីឱ្យស្របទៅនឹងបរិបទសង្គម វប្បធម៌ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងដើម្បីបន្តពង្រឹងសុខដុមនីយកម្មសាសនា ការគ្រប់គ្រងសំណង់ និងការប្រើប្រាស់ព្រះវិហារឱ្យចំគោលដៅ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១-សូមបងប្អូនសាសនិកឥស្លាមទាំងអស់ ត្រូវបន្តថែរក្សា និងលើកកម្ពស់តម្លៃនៃសុខដុមនីយកម្មសាសនានៅកម្ពុជា ដែលជាកេរមរតកដ៏ថ្លៃថ្លា តាមរយៈការរស់នៅប្រកបដោយការយោគយល់គ្នា គោរពគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហការល្អជាមួយប្រជាពលរដ្ឋគ្រប់និកាយសាសនានៅក្នុងសហគមន៍។
២-ត្រូវរួមគ្នាការពារទប់ស្កាត់រាល់ទម្រង់នៃភាពជ្រុលនិយម ឬការញុះញង់ដែលបង្កឱ្យមានការបែកបាក់ ព្រមទាំងបន្តឈរលើស្មារតី «ខ្មែរតែមួយ» រួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម។
៣-គណៈកម្មការសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសសាងសង់ គុណភាពសម្ភារៈ គុណតម្លៃស្ថាបត្យកម្មសាសនា និងស្តង់ដារសុវត្ថិភាព ដើម្បីធានាថាវិហារអ៊ីស្លាម «ម៉ាស្ជិតរ៉ាវតោះ» នេះមានភាពរឹងមាំ គង់វង្សយូរអង្វែង ព្រមទាំងមានរចនាបថស្ថាបត្យកម្មឥស្លាមដ៏ប្រណីត បន្សល់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ។
៤-ត្រូវរៀបចំយន្តការគ្រប់គ្រងថវិកា និងជំនួយសប្បុរសធម៌នានា (ទាំងក្នុងនិងក្រៅប្រទេស) ឱ្យមានតម្លាភាព គណនេយ្យភាព និងសវនកម្មច្បាស់លាស់ ដើម្បីបង្កើតទំនុកចិត្តខ្ពស់ក្នុងចំណោមសាសនិកជន និងសប្បុរសជនដែលបានលះបង់ទ្រព្យធនចូលរួមសាងសង់។
៥-ក្រោយពេលសាងសង់រួចរាល់ មិនត្រូវទុកវិហារនេះឱ្យនៅទំនេរក្រៅពីម៉ោងថ្វាយបង្គំនោះទេ ពោលគឺ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងការធ្វើជាថ្នាក់រៀនបណ្តុះបណ្តាលចំណេះដឹងសាសនា ភាសា និងជាពិសេស គឺការអប់រំទូន្មានក្រមសីលធម៌ សុជីវធម៌ដល់កុមារ និងយុវជនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ស្របតាមអាទិភាពគន្លឹះស្តីពីការអភិវឌ្ឍធនធានមនុស្សនៃយុទ្ធសាស្ត្របញ្ចកោណ។
៦-ត្រូវប្រើប្រាស់វិហារនេះជាបង្អែកសង្គមកិច្ច តាមរយៈការរៀបចំប្រព័ន្ធគៀរគរជំនួយដើម្បីជួយសង្គ្រោះជនក្រីក្រ ជនចាស់ជរា កុមារកំព្រា និងអ្នកងាយរងគ្រោះក្នុងសហគមន៍ ដោយមិនប្រកាន់និន្នាការ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។
៧-គណៈអ៊ីម៉ាំ និងគណៈកម្មការវិហារ ត្រូវដឹកនាំសហគមន៍ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការផ្សេងៗរបស់អាជ្ញាធរដែនដី ដូចជា ភូមិ-ឃុំ មានសុវត្ថិភាព ការសម្អាតបរិស្ថាន អនាម័យ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។ (ជិតបោះឆ្នោតឃុំសង្កាត់)

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមព្រះអាឡោះប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់បងប្អូនខ្មែរឥស្លាមនៅកម្ពុជាទូទាំងប្រទេស សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួនជានិរន្តរ៍តរៀងទៅ៕