ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីបើកកិច្ចសន្ទនាស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ«ការពង្រឹងអភិបាលកិច្ចទឹកនៅថ្នាក់ក្រោមជាតិ»


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចសន្ទនាស្ដីពីអភិបាលកិច្ចទឹកនៅកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ«ការពង្រឹងអភិបាលកិច្ចទឹកនៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំនៃសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដេរីក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

ថ្លែងក្នុងឱកាសបើកកិច្ចសន្ទនា ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានមានប្រសាសន៍ឱ្យដឹងថា ទឹកគឺជាធនធានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ហើយការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាពជាកត្តាចាំបាច់បំផុត ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ការពង្រឹងអភិបាលកិច្ចទឹកមិនមែនគ្រាន់តែជាការកែលម្អប្រព័ន្ធរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាកត្តាគន្លឹះដ៏សំខាន់ សម្រាប់ធានាបាននូវសន្តិសុខទឹក ការអភិវឌ្ឍសេដ្ឋកិច្ច ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងនូវចំណុចអាទិភាពសំខាន់ចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងកិច្ចពិភាក្សា៖ ទី១)ការពង្រឹងការតភ្ជាប់រវាងផែនការថ្នាក់ជាតិ និងការអនុវត្តនៅថ្នាក់ក្រោមជាតិ ទី២)ការពង្រឹងការសម្របសម្រួល និងគណនេយ្យភាពរបស់ស្ថាប័នពាក់ព័ន្ធ និង ទី៣)ការពង្រឹងសមត្ថភាពស្ថាប័ន ធនធានមនុស្ស ចំណេះដឹង និងភាពជាដៃគូ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសន្ទនានាថ្ងៃនេះនឹងបង្កើតបាននូវការយល់ដឹងរួម អនុសាសន៍ច្បាស់លាស់ និងផែនការសកម្មភាពបន្ត ដោយមានការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង ការពង្រឹងសមត្ថភាព និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង ក្នុងវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា៕