សិស្សប្រឡងជាប់និទ្ទេសA ចំនួន៣៤នាក់ ទទួលបបានរង្វាន់លើកទឹកចិត្តពីឯកឧត្តមអភិបាលខេត្តខេត្តស្វាយរៀង


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ ជាប់និទ្ទេស A នៅក្នុងខេត្ត។

 

ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំអាគារ ឃ សាលាខេត្ត ដែលចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន សប្បុរសជន លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៨ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន៣៤ នាក់។

 

បើយោងតាមរបាយការណ៍លទ្ធផលនៃការប្រឡង របស់មន្ទីរអប់រំយុវជននឹងកីឡាខេត្ត៖សាលាមធ្យមសិក្សាចំណេះទូទៅ និងបច្ចេកទេស បាវិតមានបេក្ខជន ១៤៤ នាក់ស្រី៤៨ នាក់ បេក្ខជនប្រឡង ១៤៤ នាក់ ស្រី៤៨ នាក់ ស្មើនឹង១០០%

+លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបច្ចេលទេស វិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ថ្ងៃទី ២២ ខែកក្កដា ២០២៦ ទទួលបាននិទ្ទេស A ១នាក់ ស្រី ឯកទេស អគ្គិសនី ឆ្នាំទី៣។

២. ផ្នែកមធ្យមសិក្សាទុតិយភូមិ៖ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ថ្ងៃទី១០ ខែ សីហា ២០២៦

+ បេក្ខជនមកប្រឡង សរុប ៥.១៣២ នាក់ ត្រូវជាភាគរយ៩៩,៣៦% ស្រី ២.៩៣០នាក់

+ បេក្ខជនប្រឡងជាប់៖ សរុប ៤.១១៤ នាក់ ត្រូវជា ៨០,១៦ % ស្រី ២.៤៧៤ នាក់ ត្រូវជា ៨៤,៤៣ % លទ្ធផលទទួលបាននិទ្ទេស គឺៈ

– និទ្ទេស A សរុប = ៣៣ នាក់ ស្រី ១៤ នាក់

សិស្ស និទ្ទេស A ទាំង ៣៣ នាក់ ស្រី ១៤ នាក់ មកពីស្រុកស្វាយទាប ៦ នាក់ ស្រី៣នាក់, ស្រុកកំពង់រោទិ៍ ៤នាក់ស្រី៤ នាក់ ស្រុកចន្ទ្រា ៣ នាក់ស្រី២នាក់, ស្រុករំដួល ៦នាក់ ស្រី១នាក់, ក្រុង ស្វាយរៀង ៣ នាក់ ស្រី១នាក់, ស្រុកស្វាយជ្រំ ៧នាក់ ស្រី១នាក់,ស្រុករមាសហែក ១នាក់ ស្រី០នាក់ និងសាលារៀនសុវណ្ណភូមិ ១នាក់ស្រី១នាក់ និងវិទ្យាចំណេះទូទៅ និងបច្ចេកទេសបាវិត ១នាក់ស្រី។

 

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង៣៤រូប ដែលប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះគឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណ ៨៤.៤៣% ទទួលបាននិទ្ទេស A ចំនួន៣៤នាក់។

 

ឯកឧត្តមបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សាកូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

 

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតនៅពេលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។

– ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងធ្វេីអំពើណាដែលល្អ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិ។

– ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម។

– ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។

– ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ។

 

ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង៣៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកវិទ្យាល័យទាំង១៥ ក្នុងម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ៕