ខេត្តកំពត៖ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យគុណភាពស្ពានបេតុងចំនួន ១កន្លែង និងផ្លូវចំនួន ២ខ្សែ នៅក្នុងខេត្តកំពត។
ទីតាំងទី១៖ ស្ពានបេតុង មានឈ្មោះថា ស្ពានភ្នំល្ង មានប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ ព្រមទាំងមានការស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ដោយមានគំនូសចរាចរណ៍, បង្គោលសុវត្ថិភាព និងផ្លាកសញ្ញាចរាចរណ៍ផងដែរ។ ស្ពានបេតុងនេះ ត្រូវបានអនុវត្តការសាងសង់ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានទើបបានបញ្ចប់ ១០០% កាលពីខែតុលា កន្លងទៅនេះ។ ស្ពាននេះ តភ្ជាប់ពីភូមិកន្លង់ ឃុំស្ដេចគង់ខាងជើង ទៅភូមិចំលងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ដោយមានអ្នកទទួលផលសរុបចំនួន ៥ ៣០៤គ្រួសារ ស្មើនឹង ១២ ០៩០នាក់។ សូមរំលឹកជូនដែរថា ស្ពានភ្នំល្ង នេះ កាលពីមុនស្ពានឈើចាស់ទ្រុឌទ្រោម ដែលត្រូវបានព្រះចៅអធិការវត្តគីរីបុប្ផាចំការល្ង ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងអាជ្ញាធរក្នុងមូលដ្ឋាន សាងសង់តាំងពីឆ្នាំ២០០០ ដើម្បីធ្វើដំណើរឆ្លងកាត់។ បន្ទាប់ពីសាងសង់ស្ពានបេតុងនេះរួចរាល់ អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានេះ បានថ្លែងអំណរគុណដល់សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋ។
ទីតាំងទី២៖ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង ៣,៨០គ.ម. ទទឹង ៥ម៉ែត្រ ចិញ្ចើមសងខាងម្ខាងៗប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិចំលងជ្រៃ ទៅដល់ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩៦៤គ្រួសារ ស្មើនឹង ៣ ៥៧១នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៣ ២៤០គ្រួសារ ស្មើនឹង ១៧ ៨០៩នាក់។ បច្ចុប្បន្នផ្លូវនេះ ស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មុនពេលចាប់ផ្ដើមសាងសង់។
ទីតាំងទី៣៖ ឈ្មោះផ្លូវ វត្តប្រាងសុវណ្ណ-វត្តចំប៉ី ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៥៤គ.ម. ទទឹងផ្លូវ ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ដែលបានបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៦នេះ។ ផ្លូវនេះ តភ្ជាប់ពីភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ទៅដល់ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ៤០០គ្រួសារ ស្មើនឹង ១០ ៣៤២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៩១៤គ្រួសារ ស្មើនឹង ៨ ៥៥៩នាក់។ ផ្លូវទាំងពីរខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ។
សមិទ្ធផល ដែលបាននិងកំពុងកើតឡើងជាបន្ដបន្ទាប់ទាំងនេះ គឺអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្ដិភាព និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្ដដល់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើសុខទុក្ខ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕


