សម្តេចតេជោ ហ៊ុន​ សែន ផ្ញើសារថ្លែងអំណរគុណ ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) រុស្ស៊ី​ ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារថ្លែងអំណរគុណលោកស្រី VALENTINA​​​ MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី​ ដែលបានផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ លោកជំទាវជាទីគោរពរាប់អាន! ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះលិខិតអបអរសាទររបស់លោកជំទាវ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមយល់ស្របជាមួយលោកជំទាវ ដែលថាទំនាក់ទំនងទ្វេភាគីរបស់យើងដែលឈរលើមូលដ្ឋាននៃសាមគ្គីភាពការជឿជាក់ និងការយោគយល់គ្នាទៅវិញ ទៅមកកំពុងបន្តរីកចម្រើន និងត្រូវបានពង្រីកនៅក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការដែលជាសក្តានុពលជាច្រើនទៀត… ខ្ញុំមានជំនឿយ៉ាងមុតមាំថាសន្ទុះនៃការរីកចម្រើននេះនឹងបន្តរក្សាបាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ។

ក្នុងខណៈដែលកាលបរិច្ឆេទសមស្របសម្រាប់ភាគីយើងទាំងពីរ​ នៃទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសរុស្ស៊ី​​ កំពុងត្រូវបានកំណត់ខ្ញុំមានសេចក្តីរីករាយចំពោះការបន្តកិច្ចសហប្រតិបត្តិការសភាដ៏ជិតស្និទ្ធរបស់យើង​​ដូចដែលបានស្តែងចេញ តាមរយៈការចូលរួមនៃតំណាងរបស់លោកជំទាវ​ នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ការពិភាក្សាដ៏សកម្ម​ និងប្រកបដោយស្ថាបនា​ របស់គណៈប្រតិភូរុស្ស៊ី នៅក្នុងវេទិកាអន្តរសភានេះបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី​ ក្នុងការជំរុញការទូតសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាពស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល។

ជាថ្មីម្តងទៀតសូមលោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូននូវសព្វសាធុការពរជូនលោកជំទាវ សូមបន្តមានសុខភាពល្អសុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្ដុង្គឧត្តមរបស់លោកជំទាវ ព្រមទាំងជូនពរប្រជាជននៃសហព័ន្ធរុស្ស៊ី សូមបន្តមានសន្តិភាពវឌ្ឍនភាព និងវិបុលភាព»៕