សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារថ្លែងអំណរគុណលោក ត្រឹម ថាញ់មិន (TranThanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ឯកឧត្តមជាទីគោរពរាប់អាន! ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលិខិតអបរអរសាទរយ៉ាងកក់ក្តៅ និងប្រកបដោយអត្ថន័យរបស់ឯកឧត្តម ក្នុងឱកាសខួបលើកទី៧៣ នៃបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំពិតជាមានមោទនភាពក្រៃលែងចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដែលបានពង្រឹងតាមរយៈប្រវត្តិសាស្ត្ររួមគ្នានៃការតស៊ូដើម្បីរំដោះជាតិ និងការកសាងជាតិឡើងវិញ។

ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែងដែលប្រទេសយើងទាំងពីរ ដោយផ្អែកលើចំណងមិត្តភាពដ៏រឹងមាំនេះ បន្តរក្សា និងលើកកម្ពស់ប្រពៃណីនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋានសាមគ្គីភាពភាព ជាបងប្អូនភាពជាអ្នកជិតខាងល្អ ការជឿទុកចិត្តគ្នា និងការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្ដល់អត្ថប្រយោជន៍ទៅវិញ ទៅមក។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្នុងបរិបទនៃពិភពលោកកាន់តែមានភាពស្មុគស្មាញ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ គឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដែលប្រទេសយើងទាំងពីរ ត្រូវឈរប្រកៀកស្មាគ្នាក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រសើររបស់យើងឱ្យកាន់តែខ្ពស់ថែមទៀត។

ក្នុងស្មារតីនេះខ្ញុំសូមបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ ដែលនឹងរួមចំណែកដល់ការបន្តជំរុញ និងពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងវៀតណាមឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាថ្មីម្តងទៀត សូមឯកឧត្តមទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត និងសព្ទសាធុការពរពីខ្ញុំសូមឯកឧត្តមបន្ដមានសុខភាពល្អសុភមង្គល និងទទួលបានជោគជ័យរាល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម»៕