ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ


រសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីប្រទេសរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

ដំណើរអញ្ជើញដល់របស់ឯកឧត្តមប្រធានាធិបតី ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីជាន់​ខ្ពស់របស់កម្ពុជា ព្រមទាំងប្រជាពលរដ្ឋខ្មែរក្នុងទឹកមុខប្រកបដោយស្នាមញញឹម ខណៈច្រកពិសេសនៃអាកាសយានដ្ឋានរបស់កម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងល្អប្រណិត។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី ផូល ខាហ្គាម៉េ នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

ឯកឧត្តមប្រធានាធិបតី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវ​រធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងបន្ថែមទៀត​នូវ​ទំនាក់​ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អាកាសចរណ៍ និងទេសចរណ៍ នឹងត្រូវបានចុះហត្ថលេខា ដែលនឹងផ្តល់នូវ​កម្លាំងចល​ករថ្មីដល់ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងរវ៉ាន់ដា៕