កម្ពុជាកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបាន២លាននាក់ ត្រឹមឆ្នាំ២០២៨


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកំណត់គោលដៅចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានយ៉ាងតិច ២លាននាក់ ត្រឹមឆ្នាំ២០២៨ ខណៈគិតត្រឹមដើមខែវិច្ឆិកា នេះ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើសពី៥០ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសបញ្ជាក់បែបនេះ ក្នុងពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់តួនាទី និងការរួមចំណែករបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសេដ្ឋកិច្ចជាតិ ព្រមទាំងបើកឱកាសឱ្យពួកគាត់ទទួលបានកិច្ចគាំពារសង្គម ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងសេវាហិរញ្ញវត្ថុផ្លូវការ។

ឯកឧត្តមបានលើកឡើងថា៖ «ការសម្រេចបានតួលេខ ៥០ម៉ឺននាក់ មិនមែនត្រឹមតែជាកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពបង្ហាញពីការផ្ដល់តម្លៃ និងការទទួលស្គាល់ផ្លូវការរបស់រាជរដ្ឋាភិបាលចំពោះតួនាទី និងការលះបង់របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងសង្គម និងសេដ្ឋកិច្ចជាតិ។»

គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAM-IE) ទទួលបានសំណើចុះឈ្មោះសរុប ៥៦៨.៥៨២សំណើ ក្នុងនោះ ៥៣២.២៤៧សំណើ ត្រូវបានអនុម័តរួចរាល់។ ប្រមាណ ៩៥% នៃអ្នកស្នើសុំ បានចុះឈ្មោះដោយខ្លួនឯង ដែលភាគច្រើនតាមរយៈកម្មវិធីទូរសព្ទដៃ។ អ្នកចុះឈ្មោះទី៥០ម៉ឺន គឺលោក ឌុន ថន ជាអាជីវករលក់ដូរនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ថ្នាលឌីជីថល CAM-IE ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ ហើយបច្ចុប្បន្នទទួលបានសំណើចុះឈ្មោះជាមធ្យមប្រមាណ២.០០០សំណើក្នុងមួយថ្ងៃ។

ក្រោមយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨ រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធបានរៀបចំកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ រួមមានការសម្រួលឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាបុគ្គលស្វ័យនិយោជន៍អាចស្នើសុំចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កញ្ចប់ធានារ៉ាប់រងដោយឥតគិតថ្លៃពីក្រុមហ៊ុន Manulife និង Phillip Capital Group បណ្ណជំនាញតម្លៃ ១៥០ដុល្លារពីមូលនិធិអភិវឌ្ឍន៍ជំនាញ បណ្ណជំនួយតម្លៃ ១លានរៀលសម្រាប់ដំណោះស្រាយឌីជីថលពីកម្មវិធី Enterprises Go Digital ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវិក្កយបត្រ BillFlow និងប្រព័ន្ធគ្រប់គ្រងការលក់ GoodVibes POS ដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពីក្រុមហ៊ុន Bill24 ព្រមទាំងការសម្រួលលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងការលើកទឹកចិត្តផ្នែកពន្ធដារជាដើម។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖ «ទោះបីយើងសម្រេចបានសមិទ្ធផលនៃការចុះឈ្មោះលើស៥០ម៉ឺននាក់ក៏ដោយ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមនៃដំណាក់កាលដំបូងប៉ុណ្ណោះ។»

ឯកឧត្តមបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ បន្តពង្រឹងកិច្ចសហការ ពង្រីកការផ្សព្វផ្សាយ និងបង្កើតកញ្ចប់ឥណទានពិសេស ព្រមទាំងកម្មវិធីគាំទ្របច្ចេកទេស ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះរួច មានជីវភាពកាន់តែប្រសើរ អាជីវកម្មកាន់តែរឹងមាំ និងឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយ៕