នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សចំនួន ៣៤នាក់ដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអគារ «ឃ» សាលាខេត្តស្វាយរៀង។
យោងតាមរបាយការណ៍ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសិស្សជាប់និទ្ទេស A ចំនួន ៣៣នាក់ (ស្រី ១៤នាក់) និងសិស្សជាប់និទ្ទេស A ផ្នែកបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ចំនួន ១នាក់ (ស្រី)។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀន និងជំរុញការសិក្សារបស់សិស្សានុសិស្ស រហូតទទួលបានលទ្ធផលល្អប្រសើរនេះ។
ឯកឧត្តមបានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រ តស៊ូព្យាយាម ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងអបាយមុខផ្សេងៗ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថានៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង៣៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកវិទ្យាល័យទាំង១៥ ក្នុងម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ៕












