នៅក្នុងស្មារតីកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកំពត លើកទី៣០ អាណត្តិទី៤ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ព្រមទាំងសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធ បានឯកភាពសម្រេចត្រៀមរៀបចំការប្រណាំងទូកប្រពៃណីរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយព្រែកកំពង់បាយ ខាងមុខឆ្នេរបាតដៃសុភមង្គល ស្ថិតក្នុងសង្កាត់កំពុងបាយ ក្រុងកំពត ខេត្តកំពត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។
ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងរៀបចំពីធីអកអំបុក នៅលើទីតាំងរូបសំណាក់បាតដៃសុភមង្គល អមដោយការបាញ់កាំជ្រូច និងការប្រគុំភ្លេងប្រពៃណី និងតន្ត្រីសម័យផងដែរ។ ឯកឧត្តមអភិបាលខេត្ត បន្តថា ការរៀបចំពិធីអកអំបុកនៅលើបាតដៃសុភមង្គលនេះ អាចឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមកម្សាន្តសប្បាយ និងអកអំបុករួមគ្នា ដោយឡើងទៅអុជធូបបួងសួង និងអកអំបុកនៅលើរូបសំណាក់បាតដៃខាងលើនេះ ជាបន្តបន្ទាប់ ម្នាក់ម្តងៗ ខណៈរដ្ឋបាលខេត្ត បានត្រៀមអំបុកប្រមាណកន្លះតោន ផ្លែចេក និងដូងជាច្រើនធ្លាយផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រៅពីពិធីអកអំបុក រដ្ឋបាលខេត្តកំពត ក៏បានត្រៀមរៀបចំការបាញ់កាំជ្រូច ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅមាត់ព្រែកកំពង់បាយ និងរៀបចំកន្លែងបណ្តែតប្រទីប អមដោយការប្រគុំភ្លេងប្រពៃណី និងតន្ត្រីសម័យ ដើម្បីបង្កបរិយាកាសអោយកាន់តែសប្បាយរីករាយ។
ទន្ទឹមនេះ អង្គប្រជុំក្រុមប្រឹក្សាខេត្ត ក៏បានឯកភាព សម្រេចរៀបចំកែលម្អសោភ័ណភាពមាត់ព្រែកកំពង់បាយត្រើយខាងលិចបន្ត ចាប់ពីចន្លោះស្ពានចាស់ ឫស្ពានឥទ្ទធនូ ដល់ស្ពានថ្មី ដោយត្រូវធ្វើការរុះរើសំណង់មិនរៀបរយ ដែលសង់លើដីរដ្ឋមួយចំនួនចេញ និងចាក់បំពេញដោយថ្ម និងដី ដើម្បីរៀបចំជាផ្លូវ និងសួនច្បារអង្គុយកម្សាន្ត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណីនៅខេត្តកំពត នឹងធ្វើឡើងក្នុងរយៈចម្ងាយ១.០០០ម៉ែត្រ ដោយប្រើរយៈពេល៣ថ្ងៃ (២៣-២៥ ខែវិច្ឆិកា) ដើម្បីជ្រើសជើងឯក ហើយគណៈកម្មការរៀបចំការប្រកួត នឹងកំណត់ចំណាត់ថ្នាក់ជាផ្លូវការ ចាប់ពីលេខ១ ដល់លេខ៣ ដើម្បីទទួលពានរង្វាន់ និងថវិកាតាមការកំណត់របស់គណៈកម្មការ៕
















