សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំភូមិហ្វ្រង់កូហ្វូនី ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ នៅជិតតំបន់ចតុមុខ ដែលជាទីប្រសព្វរវាងទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមករាជធានីភ្នំពេញតែងតែជាទីកន្លែងនៃការជួបជុំគ្នា ខណៈដែលទឹកទន្លេបានហូរមកប្រសព្វគ្នានៅទីនេះ ហើយប្រជាជនរបស់យើងក៏បានមកជួបជុំគ្នានៅទីនេះដូចគ្នាដែរ។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «ភូមិហ្វ្រង់កូហ្វូនី» ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី ទំហំប្រមាណ ១ម៉ឺនម៉ែត្រក្រឡា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា និងហ្វ្រង់កូហ្វូនី មានប្រវត្តិរួមគ្នាយូរលង់ណាស់មកហើយ។ ប្រទេសកម្ពុជាបានចូលជាសមាជិកសង្កេតការណ៍នៃអង្គការហ្វ្រង់កូហ្វូនី ក្នុងឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ១៩៩៣។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ភាសាបារាំង គឺជាភាសានៃការចងចាំ ជាភាសាសម្រាប់ ការសិក្សា ចំណេះដឹង និងជាភាសាសម្រាប់មិត្តភាព។
កម្ពុជាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។ ពួកយើងដឹងថាសន្តិភាពត្រូវបានកសាងឡើងដោយភាពអត់ធ្មត់ជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ បានជាមូលបទនៃកិច្ចប្រជុំកំពូលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះពួកយើងគឺ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចំណែកឯប្រធានបទនៃភូមិហ្វ្រង់កូហ្វូនីរបស់យើង ក៏បានបង្ហាញពីស្មារតីនេះ ក្រោមពាក្យស្លោក៖ «ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។ នៅកម្ពុជា ស្នាមញញឹមមានអត្ថន័យលើសពីការស្វាគមន៍គ្នាទៅវិញទៅមក។ ស្នាមញញឹម តំណាងឱ្យភាពកក់ក្ដៅ, សន្តិភាព និងក្តីសង្ឃឹមហើយនាថ្ងៃនេះ ស្នាមញញឹមរបស់យើងខ្ញុំកំពុង រួមបញ្ចូលគ្នាជាមួយស្នាមញញឹមហ្វ្រង់កូហ្វូនីទាំងមូល។
សូមបញ្ជាក់ថា «ភូមិហ្វ្រង់កូហ្វូនី-village de la Francophonie» ជាព្រឹត្តិការណ៍អមដែលតែងតែរៀបចំ ភ្ជាប់ជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ទេសចរណ៍ អប់រំ កិច្ចសហប្រតិបត្តិការ ការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស (People-to-People Connectivity) និងភាពចម្រុះនៃបណ្ដាប្រទេសជាសមាជិកទាំងអស់។
ព្រឹត្តិការណ៍នេះគឺផ្សារភ្ជាប់នឹងក្របខណ្ឌយុទ្ធសាស្ត្រហ្វ្រង់កូហ្វូនី ឆ្នាំ២០២៣–២០៣០ និងក្របខណ្ឌកម្មវិធីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤–២០២៧ ដោយផ្តោតលើ «ប្រជាជន» ដោយដាក់បុគ្គល និងសហគមន៍ជាស្នូលនៅចំកណ្តាលសកម្មភាព ព្រមទាំងធានាការចូលរួមងាយស្រួល បរិយាបន្ន និងមានអត្ថន័យ សម្រាប់យុវជន ស្ត្រី និងសាធារណជនទូលំទូលាយ។
សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ ជាសហប្រធានក្នុងការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី- Le sourire khmer, le sourire de la Francophonie» ដែលបង្ហាញលើវប្បធម៌ ទេសចរណ៍ ការអប់រំ។
ប្រធានបទនេះ បានដកស្រង់ពីព្រះរាជសុន្ទរកថាដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ឆ្នាំ២០២៤ នៅប្រទេសបារាំង។
ប្រធានបទនេះក៏ឆ្លុះបញ្ចាំង និងស្របទៅនឹងប្រធានបទរួមនៃកិច្ចប្រជុំកំពូលលើក ទី២០ ឆ្នាំ២០២៦នេះ ដែលបានកំណត់យក «ខិតខំថែរក្សាសន្តិភាពឡើងវិញ ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង- Réinvestir dans la paix pour une prospérité partagée et une stabilité durable»។ មានសន្តិភាព ទើបមានស្នាមញញឹម មានវិបុលភាព និងមានអ្វីៗគ្រប់ យ៉ាង។
ភូមិហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំនៅលើទីធ្លាសួនច្បារវត្តបទុមវត្តី រាជធានីភ្នំពេញ ដែលមានទំហំដីសរុប ១០ ០០០ម៉ែត្រការ៉េ។ ការកំណត់យកទីតាំងនេះ ផ្អែកលើការធ្វើទស្សនកិច្ច ពិនិត្យជាក់ស្ដែង ដោយក្រុមការងារ និងលោកស្រីអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយទីតាំងនេះមានលក្ខណៈសមស្រប បង្ហាញអត្តសញ្ញាណខ្មែរ ស្ថិតនៅកណ្តាលទីប្រជុំជនហ៊ុមព័ទ្ធ ទៅដោយទស្សនីយភាពសំណង់អគារប្រវត្តិសាស្ត្រ វប្បធម៌ និងទីតាំងល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖ ព្រះបរមរាជវាំង សារមន្ទីរជាតិ និងវិមានឯករាជ្យជាដើម។ល។
ភូមិហ្វ្រង់កូហ្វូនី នឹងបើកជូនសាធារណជនចូលទស្សនា ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់ ដោយទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនកិច្ចពន្លាជាតិ ស្តង់ពិព័រណ៍ ស្ដង់ម្ហូបអាហារ ការចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា និងទស្សនាការសម្ដែងទស្សនីយ ភាពសិល្បៈប្រចាំថ្ងៃដោយសេរី។
ភូមិហ្វ្រង់កូហ្វូនី មានតំបន់សំខាន់ៗរួមមាន៖ តំបន់ពន្លាជាតិរបស់ប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពន្លាជាតិកម្ពុជា និងពន្លាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, តំបន់ស្តង់ពិព័រណ៍ទូទៅ, តំបន់សម្រាប់រៀបចំសន្និសីទ និងវេទិកាតុមូល (សម្រាប់២៥០នាក់), និងតំបន់ពិព័រណ៍ម្ហូប អាហារ, ទីកន្លែងលេខាធិការដ្ឋាន, ពេទ្យសង្គ្រោះ, ឃ្លាំងទុកសម្ភារៈ, បន្ទប់ផ្លាស់សម្លៀកបំពាក់ សម្រាប់ អ្នកសម្ដែងសិល្បៈ បន្ទប់សម្រាប់ផ្តល់ខ្លឹមសារព័ត៌មាន និងបន្ទប់ Breakout Room សម្រាប់រៀបចំកិច្ចពិភាក្សាទ្រង់ទ្រាយតូច (៥០ ទៅ ៦០នាក់៕









































































