ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញជាអធិបតីភាព រៀបចំកិច្ចប្រជុំត្រួតពិនិត្យការកសាង និងការបញ្ចូលសមាជិកគណបក្សក្នុងប្រព័ន្ធព័ត៌មានវិទ្យា នៅស្នាក់ការគណបក្សក្រុងប៉ោយប៉ែត


នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំស្នាក់ការគណបក្សក្រុងប៉ោយប៉ែត មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការកសាង និងការបញ្ចូលសមាជិកគណបក្សក្នុងប្រព័ន្ធព័ត៌មានវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងប៉ោយប៉ែត ។

កិច្ចប្រជុំនេះផ្ដោតលើការត្រួតពិនិត្យការងារកសាងសមាជិកគណបក្ស និងការរៀបចំទិន្នន័យសមាជិកក្នុងប្រព័ន្ធព័ត៌មានវិទ្យា ដោយយកចិត្តទុកដាក់លើភាពត្រឹមត្រូវ ភាពពេញលេញ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យ ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងការសម្របសម្រួលការងារ សមាជិកភាពបក្សនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ក៏ជាការជួយពង្រឹងការពង្រឹងសមត្ថភាពយុវជនគណបក្ស ក៏ជាផ្នែកសំខាន់នៃការងារកសាងធនធានមនុស្ស ជាពិសេសចំណេះដឹងផ្នែកព័ត៌មានវិទ្យា ជំនាញរៀបចំទិន្នន័យ ការទំនាក់ទំនង និងការធ្វើការជាក្រុម។ ការអភិវឌ្ឍសមត្ថភាពទាំងនេះអាចជួយឱ្យយុវជនបំពេញភារកិច្ចប្រកបដោយវិន័យ ការទទួលខុសត្រូវ។

ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្សសង្កាត់ទាំង៥ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបម្រើប្រជាពលរដ្ឋ និងពង្រឹងការងារបក្សនៅមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ យកចិត្តទុកដាក់ក្តាប់ និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សំដៅលើកកម្ពស់ជំនឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងមូល ៕