នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម Thongloun Sisoulith មកកាន់ប្រទេសកម្ពុជាសារជាថ្មីដោយនៅឆ្នាំ២០២៦នេះសម្ដេចតេជោបានជួបជាមួយនឹងឯកឧត្តមចំនួន២ដងហើយ គឺកាលពីខែកុម្ភៈ ហើយលើកនេះជាលើកទី២។ សម្ដេចតេជោចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺបង្ហាញពីការផ្ដល់តម្លៃខ្ពស់ដល់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ និងការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី។
នៅក្នុងឱកាសនោះ ឯកឧត្តម ថងលូន ស៊ីសូលីត បានសម្ដែងនូវការអរគុណសម្ដេចតេជោ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់ឯកឧត្តមហើយជាលើកទីពីរនៅក្នុងឆ្នាំនេះ ដែលឯកឧត្តមបានជួបសម្ដេចតេជោ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុងដំណើរការដោយល្អ ជាពិសេសនោះគឺការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចនៃប្រតិភូនៃប្រទេសទាំងពីរយ៉ាងសកម្ម។ នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួបទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការអបអរសាទរផងដែរ។
សម្ដេចតេជោក៏បានបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំនេះភាគីទាំងពីរបានសហការគ្នាយ៉ាងសកម្ម ជាពិសេសគឺការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងប្រតិភូជាន់ខ្ពស់រហូតដល់យុវជននៃបណ្ដាប្រទេសទាំងពីរដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងឡាវ ទន្ទឹមនឹងនេះសម្ដេចតេជោក៏បានលើកឡើងពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន រវាងកម្ពុជា និងឡាវ ជាពិសេសគឺការជំរុញនូវការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសល់១៤ភាគរយនោះឱ្យសម្រេចបានជោគជ័យនៅពេលខាងមុខ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឯកឧត្តម ថង លូនស៊ីសូលីត ឱ្យទទួលបានជោគជ័យនៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជាជាពិសេសគឺការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ៕

