វិមានសាមគ្គីភាព,រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម តូ ឡឹម ហើយសម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺជាការផ្ដល់កិត្តិយស ដោយបង្ហាញនូវការផ្ដល់តម្លៃចំពោះទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ហើយជាពិសេសនោះ គឺការផ្ដល់តម្លៃដល់សហគមន៍ហ្វ្រង់កូហ្វូនី ហើយសម្ដេចតេជោក៏បានឆ្លៀតសរសើរអំពីវឌ្ឍនភាព នៃការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងប្រតិភូ ហើយឯកឧត្តមបានចាត់ទុកសម្ដេចតេជោគឺជាមិត្តដ៏ស្និទ្ធស្នាលរបស់វៀតណាម ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នាពេលនេះ ដោយឯកឧត្តមបានបញ្ជាក់ថានេះគឺជាឱកាស សម្រាប់កម្ពុជាបង្ហាញនូវតួនាទីនៅលើឆាកអន្តរជាតិ ជាពិសេសកិត្យានុភាពរបស់កម្ពុជានៅពេលខាងមុខ។
ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលភាគីទាំងពីរត្រូវធ្វើការជាមួយគ្នា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងទំនាក់ទំនងនៅតាមបណ្ដាព្រំដែននៃប្រទេសទាំងពីរ។
សម្ដេចតេជោបានសម្ដែងការឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តម តូ ឡឹម ជាពិសេសជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ទន្ទឹមនឹងនេះ សម្ដេចក៏បានលើកឡើងថា កម្ពុជា និងវៀតណាម គឺជាប្រទេសដែលមានប្រវត្តិជាអ្នកជិតខាងល្អ ហើយតែងតែជួយគ្នាទៅវិញទៅមក។ អ្វីដែលសម្ដេចតេជោបានកត់សម្គាល់និងពេញចិត្តនោះគឺទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាម មានការកើនឡើងជាបន្ទាប់បន្ទាប់ ដែលមកដល់ពេលនេះប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មកើនឡើងជាង១០ពាន់លានដុល្លារ ហើយគោលដៅទៅមុខទៀតដែលភាគីទាំងពីរចង់សម្រេចឱ្យបាន គឺ២០ពាន់លានដុល្លារនៅពេលខាងមុខ ហើយភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនេះគឺជាការឆ្លុះបញ្ចាំងអំពីការបំពេញឱ្យគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាកម្ពុជានាំចេញស្វាយចន្ទីទៅកាន់ប្រទេសវៀតណាម ដែលវៀតណាមគឺជាប្រទេសដែលពូកែកែច្នៃ ហើយកម្ពុជាបាននាំចេញស្វាយចន្ទីដ៏ច្រើនដែលមានប្រមាណ១លានតោនក្នុងមួយឆ្នាំទៅកាន់ប្រទេសវៀតណាម ទន្ទឹមនឹងនេះសម្ដេចតេជោក៏បានសម្ដែងការពេញចិត្តចំពោះកិច្ចការនៅតាមព្រំដែនរវាងប្រទេសទាំងពីរធ្វើយ៉ាងណាឱ្យអាជ្ញាធរ ឬក៏ស្ថាប័នថ្នាក់ក្រោមជាតិនៅតាមព្រំដែននៃកម្ពុជាវៀតណាមបន្តនូវការរឹតចំណងមិត្តភាពជាមួយគ្នា និងសហការគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់នូវការផ្ដល់ផលប្រយោជន៍ដល់ទំនាក់ទំនងជារួមសម្រាប់កម្ពុជា និងវៀតណាម ក៏ដូចជាផលប្រយោជន៍សម្រាប់ប្រជាជននៅមូលដ្ឋានរវាងប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរក៏ពិភាក្សាទៅលើវិស័យមួយចំនួនទៀតពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យកិច្ច កិច្ចសហប្រតិបត្តិការទៅលើនយោបាយ កិច្ចការនៅក្នុងក្របខ័ណ្ឌគណបក្ស នៃប្រទេសទាំងពីរ ដែលបានធ្វើជាមួយគ្នានាពេលកន្លងមក ដែលបន្ថែមនូវអ្វីដែលជាការសម្រេចកាលពីកិច្ចប្រជុំគណបក្សនៅក្នុងខែកុម្ភៈឆ្នាំ ២០២៦កន្លងទៅ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តម តូ ឡឹម ទទួលបានជោគជ័យនៅក្នុងការដឹកនាំប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ៕

