ឯកឧត្តម ម៉ៅ ធនិន បានទទួលអង្ករជាង៣តោន ពីព្រះតេជគុណ កែវ រតនៈ កែវ កន


ព្រះតេជគុណ កែវ រតនៈ កែវ កន ព្រះបាឡាត់គណខេត្ត ព្រះគ្រូចៅអធិការវត្តកែវវិជ័យ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រគល់អង្ករជាង៣តោន ដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីត្រៀមជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ជាពិសេសអ្នកជំងឺគ្មានលទ្ធភាព កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ពិធីសំណេះសំណាល និងប្រគល់ទទួលអង្ករខាងលើនេះ ធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយបានការនិមន្តចូលរួមពី ព្រះលេខាគណខេត្ត ព្រះអនុគណស្រុក ព្រះធម្មធរអនុគណស្រុក ព្រះសមុហ៍អនុគណស្រុក ចៅអធិការវត្តកញ្ជរខាងត្បូង វត្តកញ្ជរខាងជើង វត្តពោធិ៍សត្ថារាម វត្តសុវណ្ណស្លាកែត វត្តត្បែង និងវត្តស្តៅ។

គួរបញ្ជាក់ថា ជាមួយនឹងការប្រគល់ទទួលអង្ករជាង ៣តោន ក៏មានភ្ជាប់សម្ភារៈសម្រាប់ប្រើប្រាស់ ១២កញ្ចប់ធំ ទឹកត្រី៣០យួរ និងទឹកស៊ីអ៊ីវ២៥យួរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ និងបន្តនិមន្តអញ្ជើញពិនិត្យមើលអាគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ផងដែរ៕