សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចម្រើនជន្មាយុ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុរបស់សម្តេច ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

នៅក្នុងសារលិខិតចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរសាទរ និងជូនពរជ័យសិរីមង្គលដ៏មហាប្រសើរគ្រប់យ៉ាងជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី គឺជាឥស្សរជនដឹកនាំស្ត្រីដ៏ឆ្នើម មានវីរភាពឧត្តុង្គឧត្តម ពោរពេញដោយភាពប៉ិនប្រសប់ មានឆន្ទៈមនសិការខ្ពស់ និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាស្ត្រីខ្មែរដំបូងគេដែលដឹកនាំស្ថាប័នរដ្ឋសភា តាមរយៈការបង្រួបបង្រួមជាតិ ការពង្រឹងការទូតសភា និងការលើកកម្ពស់សមភាពយេនឌ័រយ៉ាងសកម្ម។ ថ្មីៗនេះ ព្រឹទ្ធសភា និងរដ្ឋសភាបានរួមគ្នារៀបចំដោយជោគជ័យនូវសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលបានបង្ហាញពីការពង្រីក និងពង្រឹងតួនាទីឥទ្ធិពលការទូតរបស់អង្គនីតិប្បញ្ញត្តិកម្ពុជាលើឆាកអន្តរជាតិ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជូនពរជ័យសិរីសួស្តី ជ័យមង្គលវិបុលសុខគ្រប់ប្រការដល់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕