ព្រឹត្តិការណ៍ ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចាប់ផ្តើមវេទិកាពិភាក្សាទី៦៖ ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យបញ្ញាសប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ ក្រោមប្រធានបទ៖ ការធានានូវបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្នដោយមិនបង្កហានិភ័យសម្រាប់មនុស្សគ្រប់រូប។
វេទិកាពិភាក្សានេះវាគ្មិនជំនាញទាំងជាតិ និងអន្តរជាតិ រួមគ្នាពិភាក្សាពីការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ និងអភិបាលកិច្ចឌីជីថល ដោយផ្តោតលើភាពលំអៀងនៃក្បួនដោះស្រាយ (algorithmic bias) ការលើកកម្ពស់ជំនាញឌីជីថល សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនភាពក្នុងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
វេទិកានេះមានការថ្លែងសុន្ទរកថាគន្លឹះ លោកជំទាវបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកសម្របសម្រួល៖ លោកស្រី Adrienne RAVEZ-MEN ស្ថានិកអង្គការ Global Innovation and Change (GIC) នៃព្រះរាជាណាចក្រកម្ពុជា។
វាគ្មិនរួមមាន៖ លោកជំទាវបណ្ឌិត Julie CAFLEY អនុប្រធានទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី និងទំនាក់ទំនងខាងក្រៅ និងសហគមន៍ នៃសកលវិទ្យាល័យ Ottawa, ប្រទេសកាណាដា, លោកស្រី Phuong DO, អគ្គនាយិកានៃអង្គការ Passerelles Numériques, ប្រចាំប្រទេសកម្ពុជា វៀតណាម ហ្វីលីពីន និងម៉ាដាហ្គាស្ការ, លោកស្រី MEAS Sophearum, ប្រធានក្រុមហ៊ុន Sotedya Commerce និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ La French Tech Phnom Penh ប្រទេសកម្ពុជា, លោកស្រី SOU Monypich សហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិនៃ ក្រុមហ៊ុន Tube Coffee នៃប្រទេសកម្ពុជា៕











