អភិបាលខេត្តកំពត ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីប្រណាំងទូក


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តោយដងព្រែកកំពង់បាយ ត្រង់ចំណុចខាងមុខឆ្នេរបាតដៃសុភមង្គល ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

ក្នុងឱកាសចុះពិនិត្យទីតាំងជាក់ស្តែងនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានស្អិតរមួត និងយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ។ ក្នុងនោះ ត្រូវរៀបចំផែនការដាក់ពង្រាយកម្លាំងប្រចាំការ ទាំងលើគោក និងលើផ្ទៃទឹក ការសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ការរៀបចំចំណតយានយន្តឱ្យមានរបៀបរៀបរយ ការត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ ក៏ដូចជាការរក្សាអនាម័យបរិស្ថាន ដើម្បីធានាបាននូវសុវត្ថិភាព និងភាពកក់ក្តៅជូនដល់កីឡាករ-កីឡាការិនី បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តកំពត ក្នុងឱកាសពិធីបុណ្យជាតិដ៏ធំនេះ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ការរៀបចំពិធីប្រណាំងទូកប្រពៃណីនេះ មិនត្រឹមតែជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ផូរផង់ របស់ដូនតាខ្មែរឱ្យស្ថិតស្ថេរ គង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយ ជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន នៅក្នុងខេត្តកំពតឱ្យកាន់តែមានសន្ទុះរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមរំលឹកថា ដើម្បីបង្កើតបរិយាកាសអធិកអធម និងភាពសប្បាយរីករាយ ជូនមហាជន រដ្ឋបាលខេត្តកំពត បានរៀបចំកម្មវិធីកម្សាន្តសម្បូរបែបជាបន្តបន្ទាប់ តាមលំដាប់លំដោយ រួមមាន៖ ការដាក់តាំងពិព័រណ៍ផលិតផលក្នុងស្រុក និងទំនិញទូទៅ រួមជាមួយនឹងការប្រកួតប្រណាំងទូកប្រពៃណី នៅពេលថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤។

សម្រាប់ថ្ងៃទី២៤ ពេលល្ងាចបន្ទាប់ពីការប្រណាំងទូកប្រពៃណីត្រូវបានបញ្ចប់ រដ្ឋបាលខេត្ត នឹងបន្តរៀបចំពិធីសំពះព្រះខែ អកអំបុក នៅលើបាតដៃសុភមង្គល ដើម្បីបួងសួងសុំសេចក្តីសុខ និងពរជ័យជូនដល់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពត រួមនឹងការបាញ់កាំជ្រួច ការប្រគំតន្ត្រីកម្សាន្តនៅពេលរាត្រី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តកំពតកាន់តែច្រើនកុះករ៕