បន្ទាប់ពីអញ្ជើញដល់ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងនឹងមមាញឹកចូលរួមកិច្ចប្រជុំសំខាន់ៗដែលប្រារព្ធធ្វើឡើងនៅប្រទេសហ្វីលីពីនជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំ២០២៦នេះ។
នៅព្រឹកថ្ងៃអង្គារ ទី១៧ វិច្ឆិកា ២០២៦នេះ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ (អាស៊ាន បូក ចិន, ជប៉ុន និងកូរ៉េខាងត្បូង) ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤។
សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (Asia Zero Emission Community – AZEC) គឺជាវេទិកាសហប្រតិបត្តិការថ្នាក់តំបន់មួយ ដែលផ្តួចផ្តើមឡើងដោយប្រទេសជប៉ុន ដើម្បីជួយជំរុញឱ្យបណ្តាប្រទេសនៅអាស៊ី សម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យដល់កម្រិតសូន្យ (Net-Zero Emissions) ស្របពេលដែលនៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និងសន្តិសុខថាមពល។ គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសជាលើកដំបូងដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅខែមករា ឆ្នាំ២០២២ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងត្រូវបានធ្វើឡើងនៅខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
សហគមន៍នេះ មានសមាជិកចំនួន១១ រួមមាន៖ ប្រទេសសមាជិកអាស៊ានចំនួន៩ (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម) បូករួមជាមួយ ជប៉ុន និង អូស្ត្រាលី។
កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ដឹកនាំរួមដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វែឌីណាន់ រ៉ូម៉ាអល់ដេស ម៉ាកូស វិន័យ (Ferdinand R. Marcos Jr.) និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអិជិ សាណាយ៉ិ (Sanae Takaichi)។
កិច្ចប្រជុំលើកទី៤នេះ នឹងផ្តោតលើការពន្លឿនការផ្លាស់ប្តូរថាមពលស្អាត ការធានានូវសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងការជំរុញទីផ្សារកាបូនជាដើម។
ក្នុងកិច្ចប្រជុំនៅពេលនេះ ជប៉ុន នឹងស្នើបង្កើត «ស្ថាប័នថាមពលអន្តរជាតិកំណែទម្រង់អាស៊ី (Asian version of the IEA)» ដែលមានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ធ្វើជាលេខាធិការដ្ឋាន ដើម្បីសម្របសម្រួលការស្តុកទុកប្រេងបន្ទាន់ និងសហការការពារវិបត្តិថាមពល៕













