កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​


នាល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។   ក្នុងឱកាសនៃជំនួប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានអបអរសាទរ និងគាំទ្រសិង្ហបុរី ដែលនឹងទទួលធ្វើជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ, សម្ដេចធិបតីបានសម្ដែងនូវសុទិដ្ឋិនិយមថា កម្ពុជា-សិង្ហបុរី នឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ជាថ្មី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ឯកភាពបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្កានុពលថ្មីៗបន្ថែមទៀត​ រួមមាន៖ សេដ្ឋកិច្ច និងការវិនិយោគ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, សន្ដិសុខ និងការពារជាតិ ព្រមទាំង​កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, សន្តិសុខសាយប័រ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងរួមចំណែកដល់ការធានានូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសកលលោក។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សា និងផ្លាប្ដូរយោបល់គ្នាផងដែរ​ លើស្ថានការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងផ្លាស់ប្ដូរ និងប្រែប្រួលឥតឈប់ឈរ៕