កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត


នារសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង​ម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី នាពេលកន្លងមក។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការកសាងមូលធនមនុស្សរបស់កម្ពុជា។

ក្នុងវិស័យពាណិជ្ជកម្ម, សម្ដេចធិបតីបានលើកឡើងអំពីសារៈសំខាន់នៃតួនាទីរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅប្រទេសអូស្ដ្រាលី ដែលមិនត្រឹមតែសម្រួលដល់ប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជាស្ពានក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចខ្មែរនៅប្រទេសអូស្ដ្រាលី ជាមួយនឹងប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យជាច្រើន ជាពិសេសការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជា នាកន្លងមក និងបានកត់សម្គាល់អំពីភាពរស់រវើក និង​ វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបង្ហាញនូវការប្ដេជ្ញារួមគ្នាក្នុងការបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកកាលានុវត្តភាពថ្មី។

ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សា និងផ្លាប្ដូរយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត លើវិស័យសក្កានុពលនានា រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, ការតភ្ជាប់ប្រជាជននិងប្រជាជន, ព្រមទាំងស្វែងរកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ។

ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសំដៅរួមគ្នាកសាងសន្ដិសុខក្នុងតំបន់ និងសកលលោក៕